Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី “បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ” (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជីនេះ។

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី “បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ” (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជីនេះ។

តារាចម្រៀងរូបនេះ ត្រូវបានផ្តល់កិត្តិយសក្នុងក្រុម “សិល្បករ” នៃបញ្ជី Time 100 ដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា ដោយស្ថិតក្នុងចំណោមបុគ្គលល្បីៗលើពិភពលោកក្នុងវិស័យនយោបាយ វប្បធម៌ និងកីឡា។
គួរបញ្ជាក់ថា Jennie បានបង្កើតប្រវត្តិសាស្ត្រកាលពីឆ្នាំមុន នៅពេលដែលអាល់ប៊ុមទោលរបស់នាងមានចំណងជើងថា “Ruby” មានបទចម្រៀងចំនួន ៣ បានជាប់ក្នុងតារាង Billboard Hot 100 ក្នុងពេលដំណាលគ្នា ដែលជាសមិទ្ធផលដំបូងបំផុតសម្រាប់សិល្បការិនីទោល K-pop។
តន្ត្រីករជនជាតិអាមេរិកដែលធ្លាប់ជាប់ឈ្មោះដណ្តើមពានរង្វាន់ Grammy គឺ Gracie Abrams បានណែនាំអំពី Jennie នៅក្នុងទស្សនាវដ្តី Time ដោយហៅនាងថាជា “តារាដ៏ឆ្នើម” និងបានសរសើរអំពី “មន្តស្នេហ៍ដ៏អស្ចារ្យពីខាងក្នុង” របស់នាង ដែលអាចទាក់ទាញទស្សនិកជនបានគ្រប់ពេល មិនថានៅលើឆាក លើកញ្ចក់ទូរទស្សន៍ ឬនៅពីក្រោយឆាកនោះទេ។
Gracie Abrams បានសរសេរថា៖ “អ្វីដែលធ្វើឱ្យ Jennie ក្លាយជាតារាពិតប្រាកដនោះគឺ ទោះបីជាស្ថិតក្នុងភាពស្ងប់ស្ងាត់ក៏ដោយ ក៏វត្តមាននាងនៅតែគួរឱ្យកត់សម្គាល់ដែលអាចយកឈ្នះសំឡេងអ៊ូអរទាំងឡាយ ហើយនាងបានបង្ហាញវាចេញមកប្រកបដោយទឹកចិត្តល្អ និងភាពកក់ក្តៅ”។
ចំណែកជនជាតិអាមេរិកដើមកំណើតកូរ៉េដែលជាប់ក្នុងបញ្ជីឆ្នាំ ២០២៦ នេះដែរ រួមមានតន្ត្រីករលោក Anderson .Paak និងកីឡាការិនីក្តារទឹកកក (Snowboarder) កញ្ញា Chloe Kim ដែលទទួលបានការកោតសរសើរចំពោះការតស៊ូប្រកួតទាំងមានរបួសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំនេះ ទោះបីជានាងមិនបានឈ្នះមេដាយមាសជាលើកទី ៣ បន្តបន្ទាប់គ្នាក៏ដោយ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានជ្រើសរើសម្តងទៀត ដោយស្ថិតក្នុងក្រុមមេដឹកនាំរដ្ឋ រួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ៕
