ក្រុមហ៊ុន Hublot ដែលជាម៉ាកនាឡិកាប្រណីតដ៏ល្បីប្រទេសស្វីសបានប្រកាសស្វាគមន៍ Jung Kook សិល្បករលំដាប់ពិភពលោក និងជាសមាជិកម្នាក់នៃក្រុម BTS ក្នុងនាមជា Hublot Global Ambassador (ទូតសុច្ឆន្ទៈសកល) ចុងក្រោយបង្អស់ ដោយបានប្រារព្ធពិធីប្រកាសតែងតាំងនេះនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១២ ខែកុម្ភៈ។

Jung Kook ដែលត្រូវបានស្គាល់ផងដែរថាជា Pop Icon មួយរូបប្រចាំសតវត្សរ៍ទី២១ បាននិយាយអំពីកិច្ចសហការនេះថា៖ «ការបានសម្តែងបទ Dreamers លើវេទិកាប្រកួត FIFA World Cup 2022 ដែលមាន Hublot ជាអ្នកកំណត់ពេលវេលាផ្លូវការ គឺជាខណៈពេលដែលពេលវេលា និងតន្ត្រីតភ្ជាប់គ្នា ហើយនៅថ្ងៃនេះ ការបានធ្វើការជាមួយ Hublot ក៏ប្រៀបដូចជាពេលវេលានោះបានវិលត្រឡប់មកវិញម្តងទៀត។ ខ្ញុំពិតជាកោតសរសើរចំពោះទំនុកចិត្តរបស់ម៉ាកយីហោនេះជានិច្ច ទាំងក្នុងរឿងស្នាដៃសិល្បៈ និងវិធីសាស្ត្រក្នុងការបង្កើតអ្វីថ្មីដែលជាខ្លួនឯង»។





លោក Julien Tornare នាយកប្រតិបត្តិ (CEO) របស់ Hublot បានបញ្ជាក់ពីកិច្ចសហការនេះថា៖ «Jung Kook គឺជាសិល្បករដ៏មានឥទ្ធិពលបំផុតម្នាក់ប្រចាំយុគសម័យ។ ជំនាញ ចំណង់ចំណូលចិត្ត និងភាពក្លាហានក្នុងការដើរឆ្លងកាត់ដែនកំណត់របស់លោក ឆ្លុះបញ្ចាំងពីស្មារតីរបស់ Hublot យ៉ាងច្បាស់លាស់ ដូចគ្នានឹងពួកយើងដែរដែលតែងតែចោទសួរ ត្រួតពិនិត្យ និងអភិវឌ្ឍស្នាដៃជានិច្ច ចាប់ពីការរួមបញ្ចូលសម្ភារៈផ្សេងៗគ្នា រហូតដល់ជំនាញក្នុងការអភិវឌ្ឍយន្តការផ្ទាល់ខ្លួន។ Jung Kook គឺជាតំណាងស្មារតីនៃការវិវត្តដែលមិនដែលឈប់ឈរ ព្រមកែប្រែជានិច្ច និងពោរពេញដោយភាពដើម Original។ យើងមានកិត្តិយសយ៉ាងក្រៃលែងដែលបានស្វាគមន៍គាត់មកកាន់គ្រួសាររបស់ Hublot»។
អាចនិយាយបានថានេះគឺជាភាពជោគជ័យលើវិស័ម៉ូដមួយទៀតរបស់សមាជិកកូនពៅ BTS មុនពេលការវិលត្រលប់ជុំគ្នារបស់ពួកគេនៅចុងខែមីនាសម្រាប់អាល់ប៊ុមថ្មី Arirang និងការប្រគំតន្ត្រីនៅថ្ងៃទី ២១ ខែមីនា នៅទីក្រុងសេអ៊ូល។ បន្ថែមពីលើ Hublot តារាកើតឆ្នាំ១៩៩៧ រូបនេះក៏ជាតំណាងឲ្យផលិតផលថែរក្សាស្បែក និងទឹកអប់ CHANEL ផងដែរ បន្ទាប់ពីកិច្ចសហការជាមួយ Calvin Klein ៕
































