បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿងអាស្រូវ Cha Eun Woo និង Kim Seon Ho ធ្វើឱ្យវិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Fantagio កាន់តែដុនដាប

រឿងអាស្រូវ Cha Eun Woo និង Kim Seon Ho ធ្វើឱ្យវិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Fantagio កាន់តែដុនដាប

ក្រុមហ៊ុនកម្សាន្តកូរ៉េ Fantagio ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាល្បី Cha Eun Woo និង Kim Seon Ho កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ខណៈកំពុងដោះស្រាយបញ្ហាខាតបង់ថវិកាបីឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនត្រូវបានរង្គោះរង្គើបន្ថែមទៀតដោយការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាពន្ធដាររបស់តារាឆ្នើមទាំងពីរដួងនេះ។ ផលប៉ះពាល់នេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Fantagio ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន និងបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តមានឈ្មោះក្នុងបញ្ជីផ្សារភាគហ៊ុន។

Cha Eun Woo គឺជាប្រភពចំណូលចម្បងរបស់ Fantagio ដោយយោងតាមរបាយការណ៍ រូបលោកបានរួមចំណែកដល់ទៅជាង ៦០% នៃការលក់សរុបរបស់ក្រុមហ៊ុន។ ទោះបីជាទីភ្នាក់ងារនេះបានព្យាយាមពង្រីកបញ្ជីឈ្មោះតារាសម្ដែងរបស់ខ្លួន មុនពេលលោកចូលបម្រើកងទ័ពក៏ដោយ ប៉ុន្តែការរំពឹងទុកថា Kim Seon Ho នឹងមកជួយសម្រួលអាជីវកម្មឱ្យមានស្ថិរភាព បែរជាត្រូវរង្គោះរង្គើទៅវិញ ដោយសារការចោទប្រកាន់ជុំវិញបញ្ហាពន្ធដារ ដែលបន្ថែមភាពមិនច្បាស់លាស់ថែមទៀតកាលពីពេលថ្មីៗ។

ចំពោះផ្នែកហិរញ្ញវត្ថុ សញ្ញាព្រមានបានកើតឡើងជាបន្តបន្ទាប់។ កាលពីឆ្នាំមុន Fantagio ទទួលបានចំណូល ៣៨.២ ពាន់លានវ៉ុន (២៦ លានវ៉ុន) ប៉ុន្តែមានការខាតបង់ក្នុងប្រតិបត្តិការចំនួន ៨ ពាន់លានវ៉ុន (ប្រហែល ៥.៥ លានដុល្លារ) និងការខាតបង់សុទ្ធចំនួន ៩.២ ពាន់លានវ៉ុន។ ទោះបីជាចំណូលបានងើបឡើងវិញបន្តិចក្នុងឆ្នាំ ២០២៤ ក៏ដោយ ប៉ុន្តែវាក៏បានធ្លាក់ចុះមកវិញយ៉ាងលឿនមកត្រឹម ៣៨.៥ ពាន់លានវ៉ុន ដែលសបញ្ជាក់ពីភាពមិនស្ថិតស្ថេររបស់ក្រុមហ៊ុន។

គម្រោងអាជីវកម្មថ្មីៗជាច្រើនមិនទទួលបានជោគជ័យ ខណៈការថយចុះនៃការផលិតរឿងភាគ និងការកើនឡើងនៃថ្លៃគ្រប់គ្រង បានធ្វើឱ្យ Fantagio បន្តស្ថិតក្នុងស្ថានភាពខាតបង់។ ស្ថានភាពកាន់តែអាក្រក់កាលពីខែសីហា នៅពេលដែលភ្នាក់ងារពន្ធដារជាតិបានតម្រូវឱ្យក្រុមហ៊ុននេះបង់ពន្ធបន្ថែមប្រហែល ៨.២ ពាន់លានវ៉ុន ពាក់ព័ន្ធនឹង Cha Eun Woo ដែលស្មើនឹងជាង ១៤% នៃទ្រព្យធនសរុប (Equity) របស់ Fantagio។ ទោះបីជាក្រុមហ៊ុនទទួលបានប្រាក់ចំណេញក្នុងត្រីមាសទី៣ ក៏ដោយ ប៉ុន្តែការបង់ពន្ធបន្ថែមនេះបានធ្វើឱ្យការខាតបង់សុទ្ធកើនឡើងយ៉ាងខ្លាំង។

ទីផ្សារភាគហ៊ុនបានឆ្លើយតបយ៉ាងអវិជ្ជមាន។ តម្លៃភាគហ៊ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ៣៩១ វ៉ុន (ប្រហែល ០.២៧ ដុល្លារ) កាលពីដើមខែកុម្ភៈនេះ មុនពេលបិទក្នុងតម្លៃ ៤៣០ វ៉ុន។ ក្រុមហ៊ុនក៏ប្រឈមនឹងលទ្ធភាពនៃការត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនដែលគ្រប់គ្រងភាគហ៊ុនខ្លួនឯង (Managed Stock) ដោយសារការខាតបង់ប្រតិបត្តិការបន្តបន្ទាប់។

អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្ម ដូចជាមេធាវី និងសវនករ Kim Myung Gyu ថ្មីៗនេះបាននិយាយនៅលើបណ្ដាញយូធូបថា សុខភាពហិរញ្ញវត្ថុរបស់ Fantagio បានស្ថិតក្នុងសភាពដុនដាបតាំងពីឆ្នាំ ២០២០ ដោយលោកបានប្រៀបធៀបវាទៅនឹង “អ្នកជំងឺធ្ងន់ធ្ងរ”។ លោកបានចង្អុលបង្ហាញពីការកាត់បន្ថយដើមទុន និងការបោះផ្សាយសញ្ញាប័ណ្ណប្តូរយកភាគហ៊ុន (Convertible bond) ជាច្រើនលើកជាសញ្ញាព្រមាន ហើយបានបន្ថែមថា ការបន្តកិច្ចសន្យារបស់ Cha Eun Woo កាលពីចុងឆ្នាំ ២០២២ គឺជាជម្រើសដែលមិនអាចជៀសបានសម្រាប់ក្រុមហ៊ុន ដោយសារលោកមានសារៈសំខាន់ខ្លាំងចំពោះការរស់រានរបស់ក្រុមហ៊ុន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា