សម្រាប់ផលិតករក្នុងស្រុក ក៏ដូចជាអន្តរជាតិ ដែលមានបំណងផលិតខ្សែភាពយន្ត ឬកម្មវិធីទូរទស្សន៍ធំតូចនៅកម្ពុជា គឺលែងពិបាកក្នុងការស្វែងរកទីតាំងទៀតហើយ ត្បិតថាឥឡូវ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា បានប្រកាសឱ្យដាក់ដំណើរការ «កម្មវិធីស្វែងរកទីតាំងថត» ហើយ។
គោលដៅចម្បងនៃការដាក់ឱ្យប្រើប្រាស់កម្មវិធីមួយនេះ គឺដើម្បីគាំទ្រដល់ការផលិតជាសកលរួមមាន៖ ភាពយន្ត ទាំងខ្នាតតូចធំ ជាតិ-អន្តរជាតិ ខ្សែភាពយន្តកម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ និងវិស័យពាណិជ្ជកម្មជាដើម។ ការណ៍នេះគឺជួយសម្រួលដល់ក្រុមការងារផលិតកម្មក្នុងការចុះមកពិសោធ និងស្វែងយល់ពីសក្ដានុពលនៃទីតាំងថតភាពយន្តក្នុងប្រទេសកម្ពុជា។
បន្ថែម ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា នឹងផ្ដល់ការគាំទ្រដល់អ្នកដឹកនាំរឿង ក៏ដូចជាអ្នកគ្រប់គ្រងទីតាំងថត សម្រាប់ការចំណាយលើការស្នាក់នៅ ការធ្វើដំណើរក្នុងស្រុករយៈពេល ៥ថ្ងៃ (ក្នុងអំឡុងពេលនៃការស្វែងរកទីតាំងថត) រួមមាន៖ ការស្នាក់នៅ ការដឹកជញ្ជូនតាមផ្លូវគោក សេវាអ្នកសម្របសម្រួល ឬមគ្គុទ្ទេសក៍ ការស្នើលិខិតអនុញ្ញាតផ្សេងៗ ព្រមទាំងសំបុត្រចូលទស្សនាតាមឧទ្យានជាតិ និងរមណីយដ្ឋានបេតិកភណ្ឌនានា៕
រូបភាព ៖ ក្រសួងទេសចរណ៍