កម្មវិធី «ដាស់ស្មារតីជាតិ» បានធ្វើឱ្យទឹកភ្នែកមហាជនខ្មែរទាំងប្រុសស្រីហូរស្រក់ ព្រោះតែការឈឺចាប់នៃការចងចាំដែលមិនអាចបំភ្លេចបានខណៈដែលប្រទេសកម្ពុជាបានរងការបៀតបៀន ឈ្លានពាន គំរាមកំហែងដោយមិនញញើតពីកងទ័ពសៀម។

កម្មវិធី «ដាស់ស្មារតីជាតិ» បានធ្វើឱ្យទឹកភ្នែកមហាជនខ្មែរទាំងប្រុសស្រីហូរស្រក់ ព្រោះតែការឈឺចាប់នៃការចងចាំដែលមិនអាចបំភ្លេចបានខណៈដែលប្រទេសកម្ពុជាបានរងការបៀតបៀន ឈ្លានពាន គំរាមកំហែងដោយមិនញញើតពីកងទ័ពសៀម។

ត្រឡប់ទៅ១ឆ្នាំមុន ២៨ ឧសភា ២០២៥ ជាថ្ងៃបើកការឈ្លានពានដំបូងរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ពេលនោះបានបណ្ដាលឱ្យកងទ័ពខ្មែរ១រូបបានបាត់បង់ជីវិត។ សោកនាដកម្មបាញ់ប្រហារមិនញញើតរបស់កងទ័ពសៀមមកលើកម្ពុជាបានបន្តជាហូរហែរហូតបណ្ដាលឱ្យកងទ័ពនិងពលរដ្ឋស៊ីវិលកម្ពុជាបានបង់ជីវិតនិងរងរបួស (ទាំងធ្ងន់និងស្រាល) ជាច្រើន។
ពលរដ្ឋនៅតាមបណ្ដោយព្រំដែននិងតាមខេត្តងាយរងគ្រោះបានបង្ខំចិត្តទុកផ្ទះសម្បែងចោលស្វែងរកទីសុវត្ថិភាពដើម្បីលាក់ខ្លួន ពេលនោះហើយជាពេលដែលផ្ទះគ្មានមនុស្សនៅ បាយដាំគ្មានអ្នកនៅញ៉ាំ សាលាគ្មានកូនសិស្សទៅរៀន តាមផ្លូវផ្សារដែលធ្លាប់មានមនុស្សអ៊ូអរបែរស្ងាត់ជ្រងំ គ្រប់ផ្ទះបិទទ្វារ សល់តែសំឡេងសត្វចិញ្ចឹមដែលម្ចាស់មិនអាចយកទៅបាន។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ពន្ធជាច្រើនកន្លែង ផ្លូវថ្នល់ វត្តអារាម ផ្សារ សាលារៀន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី រួមទាំងតាមាន់តូចធំ ជាពិសេសផ្ទះរបស់ពលរដ្ឋខ្មែរស្លូតត្រង់ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ក្រោមស្នាដៃនៃគ្រាប់បែកចង្កោមរបស់កងទ័ពសៀម។







ដូច្នេះថ្ងៃ ២៨ ឧសភា ២០២៦ ខ្មែរទាំងក្នុងនិងក្រៅប្រទេសបានរួបរួមជាធ្លុងបង្កើតកម្មវិធី «ដាស់ស្មារតីជាតិ» ដើម្បីឱ្យកូនខ្មែរគ្រប់រូបបានចងចាំនូវសោកនាដកម្មឈ្លានពានដណ្ដើមទឹកដី បាញ់ប្រហារ សម្លាប់មិនរើសមុខ មកលើពលរដ្ឋស៊ីវិលទាំងក្មេងចាស់ប្រុសស្រីដែលមិនមានលទ្ធភាពស៊ូ មិនមានអាវុធក្នុងដៃ ដែលនេះបង្កជាស្លាកស្នាមរបួសគ្មានថ្ងៃសះស្បើយសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះរបស់កម្ពុជា។ ជារួមសូមខ្មែរគ្រប់រូប ប្រែក្លាយតំណក់ទឹកភ្នែក ដែលហូរស្រក់ក្នុងព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» នាពេលនេះឱ្យក្លាយទៅជាកម្លាំងសាមគ្គីជាតិ រួបរួមគ្នាជាធ្លុងមួយដើម្បីបន្តការពារជាតិមាតុភូមិរបស់យើងទាំងអស់គ្នា៕
រូបភាព ៖ STPM & ក្រសួងមុខងារសាធារណៈ
