បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ Ed Sheeran បានទម្លាយពីមូលហេតុដែលលោកមិនប្រើប្រាស់ទូរស័ព្ទតាំងពីឆ្នាំ ២០១៥ នៅលើឆាកប្រគំតន្ត្រី Loop Tour ក្នុងទីក្រុងស៊ីដនី មុនពេលចាប់ផ្តើមច្រៀងបទ Old Phone ដែលជាបទចម្រៀងមួយរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក។

Advertisement

ដើមចមដែលធ្វើឱ្យ Ed Sheeran ឈប់ប្រើទូរស័ព្ទ បានចាប់ផ្តើមឡើងក្នុងគ្រាដែលតារាចម្រៀងអង់គ្លេសរូបនេះបានជាប់ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់អស់រយៈពេលជាង ៨ ឆ្នាំ ដោយមានអ្នកប្ដឹងលោកថា ចម្រៀងបទ “Thinking Out Loud” បានលួចចម្លងពីបទ “Let’s Get It On” ដែលជាស្នាដៃរបស់ Marvin Gaye។

Ed Sheeran បាននិយាយថា៖ “ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រសិនបើអ្នកឃើញឈ្មោះខ្ញុំនៅក្នុងព័ត៌មាន វាតែងតែពាក់ព័ន្ធនឹងរឿងក្តីកម្មសិទ្ធិបញ្ញា។ ក្នុងឆ្នាំ ២០១៥ ខ្ញុំត្រូវបានគេប្តឹងដោយចោទប្រកាន់ថាបានលួចបទចម្រៀងរបស់គេ ហើយរឿងតែមួយគត់ដែលខ្ញុំអាចធ្វើបានក្នុងស្ថានភាពនោះ គឺការទៅតុលាការដើម្បីបង្ហាញថាខ្ញុំបរិសុទ្ធ”។

តាមរយៈដំណើរការក្តីទាំងនោះ តារាប្រុសវ័យ ៣៥ឆ្នាំត្រូវប្រគល់ឧបករណ៍អេឡិចត្រូនិកទាំងអស់របស់លោក ទៅឱ្យមន្ត្រីត្រួតពិនិត្យ ដើម្បីមើលថាតើមានសារ ឬអ្វីដែលពាក់ព័ន្ធនឹងការលួចចម្លងស្នាដៃដែរឬទេ។ ទាក់ទងនឹងរឿងនេះ លោកបាននិយាយបែបកំប្លែងថា៖ “អ្វីដែលខ្ញុំចង់និយាយនោះគឺ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកគេមិនបានរកឃើញអ្វីដែលចម្លែកៗនៅក្នុងទូរស័ព្ទរបស់ខ្ញុំ”។

ផ្អែកលើបញ្ហានេះ Ed Sheeran បានពន្យល់បន្តថា ក្រោយបញ្ចប់ការសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីកាលពីឆ្នាំ ២០១៥ លោកក៏សម្រេចចិត្តបិទទូរស័ព្ត និងឈប់ប្រើប្រាស់តាំងពីពេលនោះមក ដោយប្តូរមកប្រើប្រាស់អ៊ីមែលតែមួយគត់ សម្រាប់ទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។

យ៉ាងណាមិញ លោកបានរៀបរាប់សាច់រឿងពីក្រោយបទ Old Phone ដែលបានចេញនៅក្នុងឆ្នាំ ២០២៥ ថា លោកទទួលបានកម្លាំង​ជំរុញចិត្តពីទូរស័ព្ទចាស់ដែលតុលាការបានយកទៅស៊ើបអង្កេតនោះ។

លោកថា នៅពេលទទួលបានទូរស័ព្ទវិញ ហើយបើកមើលរាល់សារទាំងអស់ បានធ្វើឱ្យលោកមានអារម្មណ៍ដូចជាបានធ្វើដំណើរត្រឡប់ទៅកាលពីច្រើនឆ្នាំមុន ព្រោះគ្រប់យ៉ាងហាក់ដូចជាបានបង្កកទុកក្នុងពេលវេលា។ លោកបានឃើញទាំងសាររបស់មិត្តភក្តិចាស់ៗដែលបានស្លាប់ទៅហើយ និងសាររបស់សមាជិកគ្រួសារដែលមិនបាននិយាយគ្នាជាច្រើនឆ្នាំ។

ដ្បិតរឿងក្ដីកន្លងមកគឺជារឿងអាក្រក់មួយក្នុងជីវិត តែ Ed Sheeran បានបំប្លែងរឿងនោះទៅជាស្នាដៃដ៏មានអត្ថន័យមួយ។ លោកថា៖ “មិនថាខ្ញុំជួបរឿងអាក្រក់អ្វីក្នុងជីវិត ខ្ញុំតែងតែសរសេរវាចេញជាបទចម្រៀងជានិច្ច។ ការធ្វើបែបនេះ បានធ្វើឱ្យរឿងអាក្រក់ៗដែលកើតឡើង ក្លាយជាមានន័យ ដូចគ្នានឹងពេលដែលមានរឿងល្អៗកើតឡើងក្នុងជីវិតដែរ។ បទចម្រៀងដែលអ្នកបានឮពីខ្ញុំ គឺជាពេលវេលា ២ នាទីដែលល្អ និងអាក្រក់បំផុតដែលខ្ញុំបានជួប។ ប៉ុន្តែខ្ញុំបានរកឃើញថា ក្នុងថ្ងៃដែលអាក្រក់បំផុត ក៏អាចឱ្យខ្ញុំសរសេរបទចម្រៀងដែលល្អបំផុតបានដែរ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា