តាមកំណត់ហេតុបឋមដែលទទួលបានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ប្រតិមាចំនួន ៤ អង្គដែលទើបរកឃើញលើទឹកដីនៃខេត្តកំពង់ធំ កាលពីពេលថ្មីៗ ទំនងជាវត្ថុសិល្បៈចម្លងថ្មី ដែលមាននរណាម្នាក់បានកប់ទុកចោល។

តាមកំណត់ហេតុបឋមដែលទទួលបានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ប្រតិមាចំនួន ៤ អង្គដែលទើបរកឃើញលើទឹកដីនៃខេត្តកំពង់ធំ កាលពីពេលថ្មីៗ ទំនងជាវត្ថុសិល្បៈចម្លងថ្មី ដែលមាននរណាម្នាក់បានកប់ទុកចោល។

ប្រមាណជា ១០ ឆ្នាំមុន កាលពីខែ មករា ឆ្នាំ ២០១៦ នៅភូមិសាស្ត្រក្បែរទីតាំងដែលរកឃើញប្រតិមាទាំង ៤ ធ្លាប់មានករណីទុច្ចរិតយកវត្ថុចម្លងថ្មីចំនួន ៧ អង្គ (ធ្វើពីលោហៈ) ដោយក្លែងប្រាប់អ្នកស្រុកថាជាវត្ថុបុរាណ ក្នុងចេតនាស្វែងរកអតិថិជនទិញ។ ករណីនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅតុលាការម្ដងរួចមកហើយ។
យ៉ាងណាមិញ ទោះបីប្រតិមាទាំង ៤ អង្គ ទំនងជាវត្ថុចម្លងថ្មីក៏ដោយ មន្ត្រីជំនាញយល់ឃើញថា គួរយកទៅរក្សាទុកនៅក្នុងឃ្លាំងសារមន្ទីរខេត្ត ដើម្បីទុកជាប្រយោជន៍ដល់ការសិក្សាប្រៀបធៀបជាមួយវត្ថុសិល្បៈបុរាណ និងថ្មីដទៃទៀត នាពេលក្រោយ។





គួរឱ្យដឹងថា ប្រតិមាទាំង ៤ អង្គ ដែលពលរដ្ឋប្រទះឃើញកប់ដីជម្រៅ ១០ ស.ម មានព័ត៌មានលម្អិតដូចខាងក្រោម៖
១. ប្រតិមាព្រះពុទ្ធភូមិស្បស់ (ផ្ចាញ់មារ) ធ្វើអំពីលោហៈ មានកម្ពស់ ៤៥ស.ម., វិជ្ជមាត្រធំ ៣០ស.ម. និងវិជ្ជមា ត្រតូច ៧ស.ម.។ ប្រតិមានេះ ទំនងជាវត្ថុចម្លងថ្មីដែលមានអាយុកាលរវាង ២០ ទៅ ៣០ ឆ្នាំមុន អង្គុយនៅលើបល្ល័ង្ក, បាក់ បែកត្រង់ក និងត្រាប់តាមសិល្បៈឡានណា នៃប្រទេសសៀម។
២. ប្រតិមាទេពប្រុសក្នុងព្រហ្មញ្ញសាសនា ធ្វើអំពីលោហៈ មានកម្ពស់ ៤៨ស.ម., វិជ្ជមាត្រធំ ៣២ស.ម. និង វិជ្ជមាត្រតូច ៧ស.ម.។ បដិមាករនេះ សង់ឡើងដោយលាយឡំចូលគ្នាជាមួយអត្តសញ្ញាណទេពព្រហ្មញ្ញសាសនាចំនួន ៣អង្គ ពោល គឺព្រះភក្ត្រមាន ៣ (ប្រហែលចង់ត្រាប់តាមព្រះព្រហ្ម តែធ្វើព្រះភក្ត្រត្រឹមតែ ៣), មានព្រះនេត្រនៅលើថ្ងាស (ប្រហែលចង់ត្រាមតាមព្រះសិវ) និងព្រះហស្ត ៦ (ទំនងត្រាប់តាមព្រះវិស្ណុ រួមជាមួយទេពផ្សេងទៀត ដោយព្រះហស្តទាំង ពីរខាងក្រោមបង្អស់ដាក់ត្រឹមដើមទ្រូងកាន់វជ្រ, ព្រះហស្តឆ្វេងខាងលើកាន់ផ្កាឈូក ព្រះហស្តឆ្វេងកណ្តាលកាន់ផ្កា, ព្រះហស្តស្តាំខាងលើកាន់កងចក្រ និងព្រះហស្តស្តាំកណ្តាលកាន់ដំបង)។ បដិមាករនេះ ទំនងជាវត្ថុចម្លងថ្មីដែលមានអាយុ កាលរវាង ២០ ទៅ ៣០ ឆ្នាំមុន, បាក់បែកត្រង់ក, និងសង់ត្រាប់តាមសិល្បៈខ្មែរនាចុងសម័យអង្គរ រចនាបថបាយ័ន្ត។
៣. ប្រតិមាព្រះពោធិសត្វអវលោកតេស្វរ (លោកេស្វរ) មានព្រះហស្ត ១៨ (កាន់កេតនភណ្ឌផ្សេងៗ) ធ្វើអំពី លោហៈ មានកម្ពស់ ៤៥ស.ម., វិជ្ជមាត្រធំ ៤៣ស.ម. និងវិជ្ជមាត្រតូច ៤ស.ម.។ ប្រតិមានេះ ទំនងជាវត្ថុចម្លងថ្មីដែលមាន អាយុកាលរវាង ២០ ទៅ ៣០ ឆ្នាំមុន បាក់បែកត្រង់ក (ព្រះសិររកឃើញកាលពីឆ្នាំ២០២៣) និងត្រាប់តាមសិល្បៈចិន ក្នុង សន្តតិវង្សមីង ឬ ឈិង។
៤. ប្រតិមាទេពស្រីអង្គុយបត់ជើង ធ្វើអំពីលោហៈ មានកម្ពស់ ៤១ស.ម.. វិជ្ជមាត្រធំ ២៧ស.ម. និងវិជ្ជមាត្រតូច ៤ស.ម.។ ប្រតិមានេះ ទំនងជាវត្ថុចម្លងថ្មីដែលមានអាយុកាលរវាង ២០ ទៅ ៣០ ឆ្នាំមុន និងសង់ត្រាប់តាមសិល្បៈខ្មែរ នាស.វ.ទី១០ ឬ១១។ ប្រតិមាទេពស្រីមានកងដៃ ៣ រួមមាន៖ (១). កងទី១ មានវិជ្ជមាត្រធំ ៧,៥ស.ម., វិជ្ជមាត្រតូច ៥,៥ ស.ម. (២). កងទី២ មានវិជ្ជមាត្រធំ ៧,៨ស.ម.. វិជ្ជមាត្រតូច ៥,៨ ស.ម. (៣). កងទី៣ មានវិជ្ជមាត្រធំ ៧,៨ស.ម., វិជ្ជមាត្រតូច ៥,៥ ស.ម.៕
រូបភាព ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ
