បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣ ផង​ដែរ ដែល​ធនាគារ​នេះ ទ្រទ្រង់​ដល់​សមាគម។

Advertisement

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​ធនាគារ J Trust Royal Bank ក្រោម​វត្តមាន​របស់​លោក Toru Myochin នាយក​ប្រតិបត្តិ​ធនាគារ J Trust Royal និង​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ ព្រមទាំង​សិល្បករ និង​បុគ្គលិក​ជាន់​ខ្ពស់​របស់​ធនាគារJ Trust ។

ថ្លែង​ក្នុង​កម្មវិធី​នាយក​ប្រតិបត្តិ​ធនាគារ J Trust Royal លោក Toru Myochin ថា​ក្នុង​នាម​ជា​ជន​ជាតិ​ជប៉ុន​រស់នៅ និង​បំពេញ​ការងារ​នៅ​កម្ពុជា លោក​បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តម្លៃ​នៃ​អរិយធម៌ និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា។ លោក​បន្ត​ថា​ភាព​រឹងមាំ​របស់​ប្រទេស​មួយ មិន​ត្រូវ​បាន​វាស់​ស្ទង់​ត្រឹម​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​រួម​បញ្ចូល​នូវ​សមត្ថភាព​ក្នុង​ការ​អភិរក្ស និង​លើក​តម្កើង​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​ផង​ដែរ។

លោក Toru Myochin បាន​បន្ត​ទៀត​ថា លោក​មាន​មោទនភាព​ដែល​បាន​រួម​ចំណែក​គាំទ្រ​ការ​អភិរក្ស និង​ផ្សព្វផ្សាយ​មរតក​សិល្បៈ​វប្បធម៌​ខ្មែរ និង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​បន្ត​សហការ​គ្នា ដើម្បី​ធានា​ថា​សិល្បៈ​ខ្មែរ​នឹង​បន្ត​រីកចម្រើន និង​បំផុស​គំនិត​ដល់​មនុស្ស​ជំនាន់​ក្រោយ។

ក្រោយ​ស្ដាប់​ការ​ថ្លែង​សារ​របស់​លោក Toru Myochin ជា​ខេមរភាសា ទាំង​ដែល​លោក​ជា​ជនជាតិ​ជប៉ុន ធ្វើឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រំភើប​ជា​ខ្លាំង ព្រោះ​នាយក​ប្រតិបត្តិ​ធនាគារ J Trust Royal និយាយ​ខ្មែរ​ជា​លើក​ដំបូង ដោយ​ជា​ការ​ថ្លែង​សន្ទរកថា​យ៉ាង​វែង​ប្រកប​ដោយ​អត្ថន័យ​ល្អ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ជាមួយ​សមាគម​សិល្បករ​ខ្មែរ។

ជា​ការ​ឆ្លើយ​តប ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបរាប់​ពី​សមិទ្ធផល​ជាង ២ ឆ្នាំ​ដែល​បាន​ឡើង​កាន់​តំណែង និង​រៀបរាប់​ពី​សមាសភាព​ថ្នាក់ដឹកនាំ​ដែល​ជួយ​ឲ្យ​សមាគម​សិល្បករ​ខ្មែរ ដំណើរ​ការ​ទៅ​មុខ​ជា​លំដាប់។

ការ​ឧបត្ថម្ភ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនួល​ខុស​ត្រូវ​សង្គម និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​វិស័យ​ឯកជន ក្នុង​ការ​ចូលរួម​អភិរក្ស និង​លើក​កម្ពស់​មរតក​វប្បធម៌​ជាតិ។ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បញ្ជាក់​ថា ថវិកា​ឧបត្ថម្ភ​ដែល​សមាគម​ទទួល​បាន នឹង​ត្រូវ​ប្រើប្រាស់​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព សម្រាប់​គាំទ្រ​សកម្មភាព​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ វប្បធម៌ ជួយ​ដល់​សិល្បករ និង​សិល្ប​ការិនី​ដែល​ជួប​ការ​លំបាក បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ និង​ផ្សព្វផ្សាយ​តម្លៃ​សិល្បៈវប្បធម៌ខ្មែរ ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា