ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ
ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពន្ធបន្ថែមចំនួនរាប់សិបពាន់លានវ៉ុន ឬខ្ទង់រាប់សិបលានដុល្លារ។
កាលពីព្រឹកថ្ងៃដដែលនោះ សារព័ត៌មាន Field News បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតទី ២ នៃការិយាល័យពន្ធដារតំបន់ទីក្រុងសេអ៊ូល បានធ្វើការត្រួតពិនិត្យពន្ធលើ Ji Chang Wook កាលពីខែមីនា ហើយក៏បានកំណត់ឱ្យបង់ពន្ធបន្ថែមចំនួនរាប់សិបពាន់លានវ៉ុន ក្នុងកំឡុងពេលដំណើរការត្រួតពិនិត្យនោះ។
គួរបញ្ជាក់ថានាពេលថ្មីៗនេះ ឧស្សាហកម្មកម្សាន្តកូរ៉េបានឃើញនូវការស៊ើបអង្កេតលើបញ្ហាពន្ធជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងតារាល្បីៗដែលដំណើរការភ្នាក់ងារគ្រប់គ្រងផ្ទាល់ខ្លួន ។ ជាក់ស្ដែងតារាសម្ដែងជាច្រើនដូចជា Lee Min Ki, Lee Yi Kyung, Cha Eun Woo, Kim Seon Ho, Lee Ha Nee និង Yoo Yeon Seok ក៏បានប្រឈមមុខនឹងការវាយតម្លៃពន្ធបន្ថែមផងដែរ ៕