Jungkook បង្ហាញពីឥទ្ធិពលជាតារាលំដាប់សកលម្តងទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ ១៨ ក្នុងបញ្ជីឈ្មោះ “បុគ្គលល្បីល្បាញបំផុតទាំង ២៥ នាក់ក្នុងលោក” រួមជាមួយបុគ្គលល្បីៗ និងមានអំណាច ដូចជា Vladimir Putin, Cristiano Ronaldo និង Elon Musk។

Jungkook បង្ហាញពីឥទ្ធិពលជាតារាលំដាប់សកលម្តងទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ ១៨ ក្នុងបញ្ជីឈ្មោះ “បុគ្គលល្បីល្បាញបំផុតទាំង ២៥ នាក់ក្នុងលោក” រួមជាមួយបុគ្គលល្បីៗ និងមានអំណាច ដូចជា Vladimir Putin, Cristiano Ronaldo និង Elon Musk។

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់គេហទំព័រ World Famous Things នៅក្នុងខែកុម្ភៈនេះ បានឱ្យដឹងថា Jungkook បានឈរនៅលេខរៀងទី ១៨ ក្លាយជាសិល្បករខេប៉ុបតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជី “បុគ្គលល្បីល្បាញបំផុតទាំង ២៥ នាក់ក្នុងលោក”។
គេហទំព័រខាងលើបានពណ៌នាពី Jungkook ថាជា តារាចម្រើនដ៏មានប្រជាប្រិយភាព និងមានឥទ្ធិពលបំផុតក្នុងលោក ដោយបញ្ជាក់ថា តារាប្រុសវ័យ ២៨ឆ្នាំរូបនេះល្បីល្បាញបំផុតក្នុងនាមជាអ្នកចម្រៀងនាំមុខនៃក្រុមខេប៉ុបលំដាប់ពិភពលោក BTS។
ប្រភពដដែលក៏បានលើកឡើងពីភាពជោគជ័យក្នុងនាមជាសិល្បករទោលផងដែរថា៖ “Jungkook ក្នុងនាមជាសិល្បករទោល ក៏ទទួលបានជោគជ័យខ្លាំងដែរ។ បទចម្រៀងទោលដូចជា Seven, 3D និង Standing Next to You បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចម្រៀងអន្តរជាតិ និងមានអ្នកស្ដាប់រាប់ពាន់លានដង។ ស្នាដៃទាំងនេះបានបង្ហាញថា Jungkook មិនត្រឹមតែជាសមាជិកក្រុមម្នាក់ទេ ប៉ុន្តែថែមទាំងជាសិល្បករឯករាជ្យដ៏ខ្លាំងក្លាដែលមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ជុំវិញពិភពលោក”។


World Famous Things បានលើកឡើងទៀតថា៖ “Jungkook នឹងក្លាយជាសិល្បករវ័យក្មេងម្នាក់ ក្នុងចំណោមសិល្បករដែលល្បីល្បាញ និងទទួលបានការកោតសរសើរបំផុតក្នុងលោកនៅឆ្នាំ ២០២៦ នេះ ហើយក៏នឹងក្លាយជាកម្លាំងចិត្តដល់អ្នកគាំទ្រតាមរយៈតន្ត្រី ទេពកោសល្យ និងការលះបង់របស់លោកផងដែរ”។
គួរឱ្យដឹងដូចគ្នាថា បន្ថែមពីសមាជិក BTS រូបនេះ នៅក្នុងបញ្ជីខាងលើ ក៏មានវត្តមានបុគ្គលល្បីៗបំផុតក្នុងវិស័យកីឡា តន្ត្រី ធុរកិច្ច និងនយោបាយផងដែរ រួមមាន Cristiano Ronaldo, Lionel Messi, Elon Musk, Donald Trump, Vladimir Putin, Taylor Swift, Beyonce, Justin Bieber, Ariana Grande, Mark Zuckerberg ក៏ដូចជាបងប្អូនស្រីពីគ្រួសារ Kardashian គឺ Kylie Jenner, Khloé Kardashian និង Kim Kardashian ជាដើម។
កន្លងមក Jungkook ក៏ធ្លាប់មានវត្តមានក្នុងបញ្ជីនិមិត្តរូបសកល (Global Icons) ចំនួន ១៥ រូបរបស់ AOL ផងដែរ ដោយក្នុងនោះ លោកគឺជាសិល្បករប្រុសម្នាក់ក្នុងចំណោមសិល្បករប្រុសតែ ២ រូបប៉ុណ្ណោះ គឺ Justin Bieber ដែលមានឈ្មោះក្នុងបញ្ជីនេះ៕



