ភាពយន្តភាគ “Teach You A Lesson” កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួលបានការទស្សនាសរុប ៦.៤ លានដង។

ភាពយន្តភាគ “Teach You A Lesson” កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួលបានការទស្សនាសរុប ៦.៤ លានដង។

ខ្សែភាពយន្ត ១០ ភាគដែលផ្អែកលើ Webtoon របស់ Naver នេះ និយាយពីស្ថាប័នរដ្ឋមួយដែលចូលអន្តរាគមន៍ដោះស្រាយបញ្ហាក្នុងសាលា ដូចជាការធ្វើបាបគ្នា អាណាព្យាបាលប្រើអាកប្បកិរិយាមិនសមរម្យ និងការចោទប្រកាន់ខុសលើគ្រូ។ ទោះជាយ៉ាងណា សារអប់រំក្នុងរឿងនេះបានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកក្នុងរង្វង់អ្នកនៅក្នុងវិស័យអប់រំ។
គ្រូបង្រៀនមួយចំនួនបារម្ភពីឥទ្ធិពលនៃសាច់រឿង។ គ្រូអនុវិទ្យាល័យម្នាក់នាមត្រកូល Choi បានលើកឡើងថា៖«រឿងនេះអាចធ្វើឱ្យអ្នកទស្សនាយល់ច្រឡំថា អំពើហិង្សាលើសិស្សគឺជាផ្នែកមួយចាំបាច់សម្រាប់ការអប់រំ»។
ចំណែកគ្រូម្នាក់ទៀតនៅសាលា Gwangnam យល់ថាសាច់រឿងឆ្លុះបញ្ចាំងពីតថភាពពិតបានល្អ ប៉ុន្តែវគ្គបញ្ចប់គឺបែបស្រមើស្រមៃពេក ដោយលោកប្រាថ្នាចង់ឱ្យសាលាពិតមានយន្តការការពារគ្រូដូចក្នុងរឿង។ នៅលើបណ្តាញការងារអនាមិក “Blind” គ្រូបង្រៀនម្នាក់ទៀតបានរៀបរាប់ថា លោកមានអារម្មណ៍រន្ធត់ចិត្តពេលទស្សនា ទោះបីជាក្រុមគ្រួសាររបស់លោកគិតថាគ្រូៗច្បាស់ជាកាត់ស្ត្រេស និងពេញចិត្តនឹងរឿងនេះក៏ដោយ។
សហព័ន្ធសមាគមគ្រូបង្រៀនកូរ៉េ (KFTA) បានចេញសេចក្តីថ្លែងការណ៍ថា រឿងនេះមានការទាក់ទាញខ្លាំង ដោយសារវាឆ្លុះបញ្ចាំងពីភាពអស់សង្ឃឹមរបស់គ្រូៗដែលរងសម្ពាធពីបណ្តឹងមានគំនិតអាក្រក់ និងការរំលោភសិទ្ធិពីសិស្ស។ ទោះជាយ៉ាងណា KFTA បានសង្កត់ធ្ងន់ថា៖
«អ្វីដែលគ្រូបង្រៀនត្រូវការជាស្នូល មិនមែនជា ‘កណ្តាប់ដៃ’ ដូចក្នុងរឿងនោះទេ ប៉ុន្តែគឺ ‘ការការពារតាមផ្លូវច្បាប់’»។
យោងតាម KFTA ករណីរំលោភសិទ្ធិគ្រូមានរហូតដល់ ៤៣៨ ករណីក្នុងឆ្នាំ ២០២៥ ដូចជាករណីគ្រូត្រូវបានប្តឹងពីបទធ្វើបាបកុមារគ្រាន់តែដោយសារបើកបង្អួចថ្នាក់រៀនឱ្យមានខ្យល់ចេញចូល ឬចូលឃាត់សិស្សមិនឱ្យរាំក្នុងម៉ោងរៀន។ ប្រធានសមាគម KFTA លោក Kang Ju-ho បានអំពាវនាវជាថ្មីឱ្យមានការធ្វើវិសោធនកម្មច្បាប់ការពារសុខុមាលភាពកុមារជាបន្ទាន់ ដើម្បីការពារអ្នកអប់រំក្នុងជីវិតពិត ៕

