កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយសមាជិកទាំង ៤ បានបើកកកាយអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យតក់ស្លុតមួយ គ្រាធ្វើដំណើរទៅចូលរួមកម្មវិធី។
នៅក្នុងកម្មវិធីភាគនោះ Solar បានលើកឡើងពីគ្រោះថ្នាក់ចរាចរណ៍កាលពីអតីតកាលដែលក្រុម MAMAMOO បានជួបប្រទះ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងប្រគំតន្ត្រីមួយ។ ទោះបីជាសំណាងល្អដែលគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែស្ថានភាពនៅពេលនោះស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង។
Moonbyul បានរំឭកពីការចងចាំនោះថា៖ “ខ្ញុំគិតថាខ្ញុំស្លាប់បាត់ទៅហើយ។ ខ្ញុំបានគៀបជាប់នៅចន្លោះពោងសុវត្ថិភាព ហើយខ្ញុំមើលមិនឃើញសមាជិកផ្សេងទៀតទាល់តែសោះ។ ដូច្នេះ ខ្ញុំគិតថាខ្លួនឯងបានឡើងទៅឋានសួគ៌បាត់ទៅហើយ”។
នាងបានបន្ថែមថា ភ្លាមៗបន្ទាប់ពីការបុកគ្នានោះ សមាជិកទាំងអស់មានការភ័យតក់ស្លុតយ៉ាងខ្លាំង រហូតដល់ស្ទើរតែនិយាយមិនចេញ។
យ៉ាងណាមិញ Solar បានសារភាពថា នៅពេលនោះ ខ្លួនបែរជាគិតឃើញផ្សេងគ្នាខុសពីសមាជិក ៣ នាក់ទៀត។ មេក្រុមរូបនេះបែរជាគិតថា៖ “តើយើងត្រូវធ្វើយ៉ាងម៉េច បើទៅចូលរួមកម្មវិធីមិនទាន់? ប្រាក់ពិន័យគឺកើនឡើងដល់ទៅបីដងឯណោះ”។
Solar បានបន្តពន្យល់ថា បន្ទាប់ពីបានពិនិត្យមើលថា សមាជិកទាំងអស់មិនមានគ្រោះថ្នាក់អ្វីហើយ នាងបានទាក់ទងទៅក្រុមហ៊ុនភ្លាមៗដើម្បីពន្យល់ពីស្ថានភាព។ នាងបាននិយាយថា៖ “ខ្ញុំគិតថា ប្រសិនបើយើងទៅពិនិត្យនៅបន្ទប់សង្គ្រោះបន្ទាន់ហើយមិនអីទេ វាជាការប្រសើរក្នុងការសុំពន្យារពេលកម្មវិធី បើធៀបនឹងការលុបចោលការសម្ដែងទាំងស្រុង”។
បន្ទាប់ពីនេះ សមាជិក MAMAMOO បានទម្លាយថា ពួកគេពិតជាបានឡើងសម្តែងក្នុងកម្មវិធីដែលបានគ្រោងទុកនោះមែន បន្ទាប់ពីទទួលបានការព្យាបាលពីគ្រូពេទ្យរួច។
Solar ក៏បានសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់នាងក្នុងនាមជាមេក្រុមផងដែរថា៖ “ខ្ញុំនៅតែមានអារម្មណ៍ថាមានទំនួលខុសត្រូវ និងមានបេសកកម្មក្នុងនាមជាមេក្រុម។ ខ្ញុំព្យាយាមរក្សាជំហរឱ្យរឹងមាំ និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងឱ្យបានល្អ”។
ទោះជាយ៉ាងណាក៏ដោយ សមាជិកដទៃទៀតបាននាំគ្នាបង្អាប់មេក្រុមខ្លួនលេងថា៖ “ពួកយើងធ្លាប់ឃើញបងញ័រជើងដោយសារភ័យដែរតើ”។ Moonbyul ក៏បានចូលរួមបង្អាប់ដែរថា៖ “គាត់ពិតជាព្យាយាមខ្លាំងណាស់ ហើយដោយសារតែបែបហ្នឹង ទើបពួកយើងបានពិភាក្សាគ្នាច្រើនជាងមុន។ ប៉ុន្តែគាត់មិនដែលជួយធ្វើឱ្យអារម្មណ៍ពួកយើងស្ងប់មុនពេលឡើងសម្ដែងម្តងណាឡើយ”។
ចុងក្រោយ Solar បានសារភាពថា៖ “តាមពិតទៅ ខ្ញុំក៏ភ័យដែរ។ តែខ្ញុំត្រូវតែរឹងមាំពេលត្រូវដឹកនាំក្រុម”។
គួរឱ្យដឹងផងដែរថា ក្រុម MAMAMOO ជិតដល់ថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១២ នៃការបង្ហាញខ្លួនដំបូង (Debut) របស់ក្រុមដែលនឹងមកដល់នៅថ្ងៃទី១៨ ខែមិថុនា ខាងមុន។ ក្នុងឱកាសនេះ នារីទាំង ៤ បានបញ្ចេញចម្រៀងបទ 4 Flowers កាលពីថ្ងៃទី៤ កន្លងទៅ មុននឹងបន្តដោយកម្មវិធីប្រគំតន្ត្រីទេសចរណ៍ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែមិថុនា នេះតទៅ៕