នៅថ្ងៃទី៣ ខែមេសា នេះ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង NCT DREAM ផងដែរ។

នៅថ្ងៃទី៣ ខែមេសា នេះ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង NCT DREAM ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ SM បានរៀបរាប់ថា៖ “យើងបានពិភាក្សាជាមួយ Mark អំពីទិសដៅសកម្មភាពការងារនៅពេលអនាគតអស់ពេលមួយរយៈពេលធំ។ បន្ទាប់ពីមានការសន្ទនាគ្នាយ៉ាងស៊ីជម្រៅ យើងបានព្រមព្រៀងគ្នាថានឹងបញ្ចប់កិច្ចសន្យាផ្តាច់មុខនៅថ្ងៃទី ៨ ខែមេសា នេះ”។
យោងតាមការសម្រេចចិត្តនេះ Mark នឹងបញ្ចប់រាល់សកម្មភាពទាំងអស់ជាមួយក្រុម NCT ខណៈ NCT 127 គ្រោងនឹងបន្តសកម្មភាពជាមួយសមាជិក ៧ រូបគឺ Johnny, Taeyong, Yuta, Doyoung, Jaehyun, Jungwoo និង Haechan។ ចំណែកឯ NCT Dream គ្រោងនឹងបន្តជាមួយសមាជិក ៦ រូបគឺ Renjun, Jeno, Haechan, Jaemin, Chenle និង Jisung។


ថ្លែងពីការលាគ្នា SM ក៏បានសរសើរដល់តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះថា៖ “ចាប់តាំងពីបង្ហាញខ្លួនដំបូងក្នុងនាមជាសមាជិកក្រុម NCT ក្នុងឆ្នាំ ២០១៦ Mark បានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយធ្វើបានយ៉ាងល្អមិនត្រឹមតែក្នុងនាមជាសមាជិកក្រុមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសិល្បករទោលផងដែរ”។
“យើងខ្ញុំសូមថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃដែលយើងបានដើររួមគ្នា ហើយយើងក៏សូមគាំទ្រដោយស្មោះអស់ពីចិត្តចំពោះអនាគតរបស់ Mark ក្នុងការចាកចេញពីក្រុម និងចាប់ផ្តើមជំហានថ្មីផងដែរ” ផលិតកម្មរៀបរាប់ដូច្នេះ។ គួរឱ្យដឹងផងដែរថា Mark បានចាប់ផ្តើមអាជីពជាតារាខេប៉ុប ក្នុងនាមជាសមាជិកក្រុម NCT U នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៦ ជាមួយនឹងបទចម្រៀង “The 7th Sense”។ ការចាកចេញរបស់តារារ៉េបរូបនេះ គឺជាការចាកចេញពីក្រុម ក្រោយរួមរស់ជាមួយគ្នារយៈពេល ១០ឆ្នាំត្រឹម៕

