ផលិតករ Min Hee Jin បានដាក់សំណើទៅកាន់ក្រុមហ៊ុន HYBE ដោយសុខចិត្តបោះបង់ប្រាក់សំណង ២៥.៦ ពាន់លានវ៉ុន ប្រមាណ ១៨លានដុល្លារអាមេរិកដែលនាងបានឈ្នះក្តីក្នុងសវនាការលើកដំបូង ជាថ្នូរនឹងការបញ្ចប់រាល់វិវាទផ្លូវច្បាប់ដែលកំពុងបន្តទាំងអស់។

ផលិតករ Min Hee Jin បានដាក់សំណើទៅកាន់ក្រុមហ៊ុន HYBE ដោយសុខចិត្តបោះបង់ប្រាក់សំណង ២៥.៦ ពាន់លានវ៉ុន ប្រមាណ ១៨លានដុល្លារអាមេរិកដែលនាងបានឈ្នះក្តីក្នុងសវនាការលើកដំបូង ជាថ្នូរនឹងការបញ្ចប់រាល់វិវាទផ្លូវច្បាប់ដែលកំពុងបន្តទាំងអស់។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ នេះ Min Hee Jin បានថ្លែងថា៖ “មូលហេតុដែលខ្ញុំមកឈរនៅទីនេះថ្ងៃនេះ គឺដើម្បីប្រកាសថា ខ្ញុំបានសម្រេចចិត្តយកប្រាក់ ២៥.៦ ពាន់លានវ៉ុន ដែលខ្ញុំត្រូវទទួលបានពីជ័យជម្នះនេះ ទៅដោះដូរនឹងរបស់ដែលមានតម្លៃមួយផ្សេងទៀត”។
នាយិកាប្រតិបត្តិនៃផលិតកម្ម ooak Records បានបន្តថា៖ “ប្រាក់ ២៥.៦ ពាន់លានវ៉ុន គឺជាចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ដែលមនុស្សម្នាក់ប្រហែលជាមិនអាចរកបានឡើយក្នុងមួយជីវិត។ ប៉ុន្តែមានតម្លៃមួយ ដែលខ្ញុំចង់បានខ្លាំងជាងទឹកប្រាក់នេះទៅទៀត។ ជំនួសឱ្យការទទួលយកប្រាក់ ២៥.៦ ពាន់លានវ៉ុននេះ ខ្ញុំស្នើឱ្យ HYBE បញ្ឈប់ជាបន្ទាន់នូវរាល់ពាក្យបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌដែលកំពុងបន្តទាំងអស់ ហើយបញ្ចប់ជម្លោះគ្រប់យ៉ាង”។

Min Hee Jin ពន្យល់ថា មូលហេតុធំបំផុតនៅពីក្រោយការសម្រេចចិត្តនេះ គឺក្រុម NewJeans។ នាងបានលើកឡើងថា៖ “ខ្ញុំមិនអាចបន្តមើលការពិត ដែលសមាជិកទាំង ៥ រូបដែលគួរតែឈរលើឆាកដោយក្តីរីករាយ បែរជាត្រូវមកឈរនៅក្នុងបន្ទប់សវនាការនោះទេ។ រាល់ពាក្យបណ្តឹងដែលប្ដឹងទៅរកសិល្បករ គ្រួសាររបស់ពួកគេ និងក្រុមអ្នកគាំទ្រត្រូវតែដកចេញ ដើម្បីបញ្ឈប់នូវភាពវឹកវរដែលឥតន័យទាំងនេះ”។
សារព័ត៌មាន Allkpop បានចុះផ្សាយពីសាវតារឿងនេះថា កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ តុលាការបានកាត់ក្តីឱ្យ Min Hee Jin ឈ្នះក្នុងករណីបណ្តឹងពាក់ព័ន្ធនឹងរឿងភាគហ៊ុន ដោយបង្គាប់ឱ្យ HYBE បង់ប្រាក់សំណងចំនួន ២៥.៦ ពាន់លានវ៉ុន។

យ៉ាងណាមិញ HYBE បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនៃសវនាការលើកដំបូង ហើយកាលពីថ្ងៃទី២៤ កន្លងទៅនេះ តុលាការបានយល់ព្រមតាមសំណើរបស់ HYBE ដែលធ្វើឱ្យការបង់ប្រាក់សំណងត្រូវព្យារពេលដូចគ្នា។
មុននឹងបញ្ចប់សន្និសីទកាសែត Min Hee Jin បានអំពាវនាវទៅកាន់ HYBE និង ADOR ថា៖ “សូមបង្កើតបរិយាកាសមួយដែលសមាជិក NewJeans អាចដេញតាមក្តីសុបិនរបស់ពួកគេដោយសេរី។ ប្រាក់ ២៥.៦ ពាន់លានវ៉ុន មិនមានតម្លៃធំជាងការស្តារបរិយាកាសក្នុងវិស័យខេប៉ុបឱ្យល្អ និងការដែលសិល្បករអាចរស់នៅប្រកបដោយសន្តិភាពនោះទេ”៕

