ជាថ្មីម្ដងទៀត ដែល N.John ធ្វើឲ្យអ្នកគាំទ្រក្រោយប្រកាសសហការជាមួយតារា K-Pop នារីទោល បន្ទាប់ពីមានការ Challenge រាំបទ «Pop Out» ជាមួយសិល្បករកូរ៉េជាច្រើនរូបទាំងបុរស និងនារី។ មិនតែប៉ុណ្ណោះតារាប្រុសដែលចាប់អាជីពនៅអាមេរិក ត្រៀមសហការនឹងតារាស្រី K-pop ដែលមានឈ្មោះល្បីល្បាញ។
N.John បានបង្ហោះរូបភាព១ សន្លឹក ដោយបាំងមុខតារាស្រី K-Pop ម្នាក់ ហើយឲ្យអ្នកគាំទ្រទស្សន៍ទាយថាជាតារាស្រីរូបណា។ ដោយភាគច្រើនគិតថាជាតារាស្រី Heyoon Jeong ដែលមានសមត្ថភាព រាំ អ្នកចម្រៀង អ្នករ៉េប និងអ្នករៀបចំក្បាច់រាំដ៏ពូកែថែមទៀតផង។
សម្រាប់អ្នកគាំទ្រជាច្រើនអះអាងថា ហេតុផលដែល N.John និងសហការជាមួយ Heyoon ព្រោះអ្នកទាំង ២ បាន Follow គ្នាលើ IG និងរូបរាងរូបព្រាលៗលើ poster ដែលបង្ហាញពីសក់ពណ៌ទង់ដែងដូចម្ចាស់បទ «Pivot»។ N.John បានឲ្យដឹងថាបទ «Pop Out» Remix នឹងចេញផ្សាយចម្រៀងឡើងវិញនៅថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ២០២៦។
បើទោះជាមតិភាគច្រើនចង្អុលបង្ហាញទៅ Heyoon Jeong ក៏ពិតមែន តែក៏មានអ្នកខ្លះលើកឡើងតារាស្រីដទៃទៀតដែរ ក្នុងនោះអ្នកខ្លះក៏ទាយថា Winter របស់ aespa,Somi និង Chaewon ជាដើម ព្រោះតារាទាំងនោះចូលចិត្តសក់ពណ៌ទង់ដែង ហើយខ្លះទៀតបញ្ចេញមតិថាជា Rosé របស់ Black Pink ដោយសារតែសក់។
រំលឹកប្រវត្តិ Heyoon Jeong នាងកើតថ្ងៃ ១ ខែតុលា ឆ្នាំ ១៩៩៦ មានទេពកោសល្យច្រៀងរាំ រ៉េប និងជាអ្នករៀបចំក្បាច់រាំ។ នាងបានតំណាងឲ្យប្រទេសកូរ៉េខាងត្បូងនៅក្នុងក្រុមចម្រៀងប៉ុបសកល Now United ហើយបានប្រកាសចាកចេញពីក្រុមចម្រៀងនោះ កាលពីថ្ងៃ ៣ ខែមីនា ឆ្នាំ២០២៣។ នាងបានបង្ហាញខ្លួនលើកដំបូងនៅថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ជាមួយនឹងបទចម្រៀង “Pivot” ដែលសម្ដែងដោយតារាចម្រៀងអាមេរិក Armani White។ Heyoon Jeong មាន Follower លើ Instagram ជាង ៤ លាននាក់។
គួរបញ្ជាក់ថា N.John ពេលនេះកំពុងក្ដោបបានប្រជាប្រិយភាពខ្លាំងនៅកូរ៉េខាងត្បូង ដោយបានទៅសម្ដែងនៅទីនោះ និងបានសហការរាំ Challenge បទ ១ «Pop Out» ជាមួយតារា K-Pop ច្រើនរូបក្នុងនោះមាន Dayeon You, Yoolwxnder, Dohee Kim, សមាជិកក្រុម TNX ២ រូប JUNHYEOK និងTAEHUN ព្រមទាំងតារាជាច្រើនរូបទៀត៕