Doyoung សមាជិកក្រុមចម្រៀងខេប៉ុប NCT បានធ្វើការបរិច្ចាគដ៏មានអត្ថន័យជ្រាលជ្រៅមួយ សម្រាប់យុទ្ធនាការដ៏សំខាន់។

Doyoung សមាជិកក្រុមចម្រៀងខេប៉ុប NCT បានធ្វើការបរិច្ចាគដ៏មានអត្ថន័យជ្រាលជ្រៅមួយ សម្រាប់យុទ្ធនាការដ៏សំខាន់។

នៅថ្ងៃទី ២៩ ខែឧសភានេះ មូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត (Korea Foundation for Suicide Prevention) បានប្រកាសថា៖ «លោក Doyoung ក្រុម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល ៦៧ ០០០ ដុល្លារអាមេរិក) សម្រាប់ការជួយជ្រោមជ្រែងដល់ទាហានយោធាដែលមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាត និងដើម្បីជួយដល់កុមារ ព្រមទាំងយុវជនជំទង់ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារការធ្វើអត្តឃាត»។
តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះបានលើកឡើងថា៖ «រឿងមួយក្នុងចំណោមរឿងរ៉ាវដែលខ្ញុំតែងតែប្រាប់ទៅកាន់ហ្វេនៗជាញឹកញាប់នោះគឺ “ថ្ងៃស្អែកប្រាកដជាមានក្តីសុខជាងថ្ងៃនេះ”។ ទោះបីជាមានថ្ងៃខ្លះអាចមានអារម្មណ៍ថាធ្ងន់ធ្ងរ និងលំបាកខ្លាំងក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់ថា នៅទីបញ្ចប់ ថ្ងៃស្អែកនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទិសដៅមួយដែលមានភាពកក់ក្តៅ និងមានក្តីសុខជាងថ្ងៃនេះជាមិនខាន»។
លោកបានបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថា ការបរិច្ចាគមួយនេះនឹងអាចនាំយកនូវកម្លាំងចិត្តដែលខ្ញុំកំពុងតែផ្តល់ជូនអ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាវាអាចផ្តល់កម្លាំងចិត្តដល់មនុស្សគ្រប់រូបក្នុងការស្វែងរកភាពក្លាហានឡើងវិញ»។
លោក Jung Yoon Soon ប្រធានមូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត បានមានប្រសាសន៍ថា៖ «ការគាំទ្រដល់សុខភាពផ្លូវចិត្តរបស់ទាហានយោធា និងការជួយដល់កុមារ ព្រមទាំងយុវជនជំទង់ដែលបានបាត់បង់សមាជិកគ្រួសារដោយសារការធ្វើអត្តឃាត គឺជាភារកិច្ចគន្លឹះក្នុងការការពារការធ្វើអត្តឃាត និងការបង្កើតបណ្តាញសុវត្ថិភាពនៅក្នុងសង្គមរបស់យើង។ ការរួមចំណែកដ៏ស្មោះស្ម័គ្រ និងចេញពីបេះដូងរបស់លោក Doyoung នឹងក្លាយជាការជួយសង្គ្រោះដ៏មានតម្លៃបំផុត សម្រាប់អ្នកដែលកំពុងឈរនៅមាត់ជ្រោះនៃភាពអស់សង្ឃឹម» ៕


