អាការជំងឺរលាកស្រោមខួររបស់តារាកំប្លែងរាងតូចល្អិត នាយ ក្រិន ដែលមានឈ្មោះពិត ទេស សុជន កាន់តែធូរស្រាល និងប្រសើរឡើងហើយ។ នេះបើតាមការបញ្ជាក់ពីលោក សាវិន ហ្វីលីព ដែលបាននៅជួយមើលថែរក្សា នាយ ក្រិន អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញនេះ។
តាមការរៀបរាប់របស់តារាប្រុស សាវិន ហ្វីលីព កាលពីម្សិលមិញបានឲ្យដឹងថា ស្ថានភាពជំងឺ នាយ ក្រិន បានប្រសើរជាលំដាប់នឹងចេញពីមន្ទីរពេទ្យក្នុងរយៈពេលមួយអាទិត្យទៀត ប្រសិនបើអស់មេរោគក្នុងឈាម និងស្រោមខួរ។ អាការជំងឺធូរស្រាលក៏បានធ្វើឲ្យ នាយក្រិន មានការចងចាំ និងស្គាល់មនុស្សជុំវិញខ្លួនវិញ។
បើទោះជាស្ថានភាពឪពុកកូនប្រុសស្រី ៣ នាក់ចាប់ផ្ដើមប្រសើរ និងឈានមកសះស្បើយនាពេលខាងមុខយ៉ាង ក៏តារាប្រុស សាវិន ហ្វីលីព និងអ្នកនាង ប្រិមប្រិយ មិនទាន់បានប្រាប់ទៅដល់ នាយ ក្រិន ពីដំណឹងមរណភាពរបស់ឪពុកលោកនៅឡើយ។ អ្វីដែលកាន់តែក្ដុកក្ដួល នាយក្រិន បានពោលថានឹកកូន នឹកឪដែលដេកឈឺដាក់អុកស៊ីហ្សែន ៥ ឆ្នាំហើយ។
ពេលកំពុងព្យាបាលនេះមន្ទីរពេទ្យកាល់ម៉ែត តារាកំប្លែងដែលបម្រើអារម្មណ៍ទស្សនិកជនរាប់លាននាក់ តាមរយៈទេពកោសល្យ និងវោហារស័ព្ទមិនចេះរីងស្ងួត ធ្វើឲ្យម្នាក់ៗស្រលាញ់ចូលចិត្ត និងជួយសម្រាលការលំបាកទាំងអ្នករួមអាជីព ទាំងប្រមុខថ្នាក់ដឹកនាំប្រទេស។
គួរបញ្ជាក់ថា នាយ ក្រិន បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីថ្ងៃ ១០ ខែមីនា ឆ្នាំ ២០២៦ និងបានបញ្ជូនពីមន្ទីរពេទ្យនៅស្រុកកំណើតខេត្តបាត់ដំបង មកបន្តព្យាបាលនៅមន្ទីរពេទ្យនាក្រុងភ្នំពេញ ក្នុងសភាពធ្ងន់ធ្ងរ លុះមកថ្ងៃ ១៤ មីនា ឪពុករបស់ នាយក្រិន ដែលមានជំងឺសួតច្រើនឆ្នាំមកហើយនោះបានលាចាកលោក នៅវេលាម៉ោង ១០៖ ២០នាទី។ ឪពុក នាយក្រិន ឈ្មោះ ទេស ភឺន អាយុ ៨៥ ឆ្នាំ៕
រូបភាព៖ សាវិន ហ្វីលីព