កាលពីម្សិលមិញ ចំពោះសែរាជវង្សមានដំណឹងល្អដែល កែវ នរោត្តម ចេណ្ណា ដែលមហជនស្គាល់ថា ព្រះនាង នរោត្តម ជេនណា ត្រូវបានព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានដំឡើងព្រះឋានៈជាអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា។
នៅថ្ងៃតែមួយទ្រង់ ជេនណា ក៏បានបង្ហាញរូបភាពផ្លូវការនៃការគ្រងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាម ព្រះនាង «រាក្យសាទេវី» ដែលមើលទៅពិតជាត្រូវតាមក្បួនហោរាសាស្ត្របុរាណនៃក្បួនមហាសង្ក្រាន្តខ្មែរតែម្ដង។ សម្រាប់រូបភាពថ្មីនៃការគ្រងឈុតទេព្ដាដែលព្រះនាងតូចវ័យ ១៤ ព្រះវស្សាគ្រងនាពេលនេះ ខុសកាលពីពេលថត TVC ឲ្យធនាគារដ៏ក្នុងស្រុក។ បើនិយាយពីរូបសម្រស់វិញ សឹងតែគ្មាននរណាអាចប្រៀបផ្ទឹមបានឡើយ ពិតជាស្អាតរកកន្លែងទាស់មិនបានឡើយ ហើយគ្រឿងខ្មែរដែលតែងលើព្រះកាយព្រះនាង បានរចនាឡើងយ៉ាងប្រណីត ផ្ចិតផ្ចង់ សមនឹងរូបសមនឹងរាង។
តាមក្បួនហោរាសាស្ត្របុរាណនៃក្បួនមហាសង្ក្រាន្តខ្មែរ ទេព្ដាត្រូវចុះមកទទួលតំណែង ពីទេព្ដាឆ្នាំចាស់ នឹងចុះមកចំថ្ងៃអង្គារ ជាវេនទេពធីតាព្រះនាម ព្រះនាង «រាក្យសាទេវី» គង់ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម ( ផ្កាឈូក ) អាភរណៈទ្រង់ម៉ោរា ព្រះហស្តស្ដាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់កៅទណ្ឌ (ធ្នូ) ភក្សាហារលោហិត (ឈាម) គង់លើអស្សតរជាពាហនៈ (សេះ)។
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ក៏បានថ្វាយពរជ័យក្នុងឱកាស ពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានមកដល់ខាងមុខនេះថា «ខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងទេព្ដាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមលោកប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងជួយតាមថែរក្សាបីបាច់ ដល់ថ្នាក់ដឹកនាំ និងប្រជានុរាស្ត្រខ្មែរ ទូទាំងព្រះនគរ ឱ្យទទួលបាននូវសេចក្ដីសុខ សុភមង្គល ប្រកបកិច្ចការងារតូចធំក្ដីបានសម្រេចជោគជ័យ ដើម្បីអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន»៕
រូបភាព៖ Jenna Norodom