បន្តពីនេះ តារាខេប៉ុបស្រីក៏បានបញ្ជាក់ដែរថា ស្នាដៃចម្រៀងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI មួយនេះ នឹងចេញផ្សាយជា ៤ Version រួមមាន Original Version R&B Rock និង Cinematic។
ភ្លាមៗបន្ទាប់ពីការចេញផ្សាយ អ្នកគាំទ្របានចាប់អារម្មណ៍លើឈ្មោះគណនីដែល Park Bom ប្រើដើម្បីបង្កើតបទចម្រៀងនេះ ដែលមានឈ្មោះថា “bomminho012”។ តាមរយៈនេះ អ្នកគាំទ្រសង្ស័យថា នេះជាការផ្សំគ្នារវាងឈ្មោះរបស់ Park Bom និងឈ្មោះរបស់តារាសម្តែង Lee Min Ho។
ផ្អែកតាមការចុះផ្សាយរបស់ ZAPZEE កាលពីឆ្នាំ ២០២៤ កន្លងទៅ សមាជិកក្រុម 2NE1 រូបនេះ ធ្លាប់បង្កឱ្យមានការចាប់អារម្មណ៍ម្ដងរួចមកហើយ ដោយនាងបានបង្ហោះសារនានាដែលហាក់ដូចជាចង់បញ្ជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយ Lee Min Ho។
គ្រានោះ ផលិតកម្ម MYM Entertainment ដែលជាទីភ្នាក់ងាររបស់ Lee Min Ho បានបដិសេធចំពោះរឿងខាងលើ ដោយបញ្ជាក់ថា Lee Min Ho មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Park Bom ឡើយ។
ខាងភាគីរបស់តារាស្រីវិញ ក៏បានចេញមកបកស្រាយដូចគ្នាថា៖ “មួយរយៈនេះ Park Bom បានទស្សនារឿងភាគ The Heirs ហើយហាក់ដូចជាមានចំណាប់អារម្មណ៍ខ្លាំងលើតួឯកប្រុស Lee Min Ho ដែលធ្វើឱ្យនាងបង្ហោះសារទាំងនោះ។ វាគ្រាន់តែជារឿងធម្មតាមួយប៉ុណ្ណោះ”។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានរួមក្រុម 2NE1 ធ្វើកម្មវិធីប្រគំតន្ត្រីទេសចរណ៍បានមួយរយៈ Park Bom បានសម្រាកពីការងារសិល្បៈជាបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំមុន ដោយសារបញ្ហាសុខភាព និងដើម្បីយកពេលសម្រាកព្យាបាល៕