ដើម្បីអ្នកម្ដាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ តារាកំប្លែង ប៉េងប៉ោង សុខចិត្តប្រកាសលក់ផ្ទះដែលជាកេរ្តិ៍មរតកចុងក្រោយរបស់ឪពុក ខណៈមិនអាចទុកម្ដាយចោលឱ្យនៅបែបនេះ ណាដើម្បីត្រៀមលក្ខណៈចាំបាច់នៃតម្រូវការភ្លាមៗផងដែរ។
កាលពីថ្ងៃទី ២២ ខែ មីនា កន្លងទៅ អ្នកនាង មឿន និមល ដែលមហាជនស្គាល់ថាជា តារាកំប្លែងស្រីដែលមានឈ្មោះហៅ ប៉េងប៉ោង បានបង្ហោះលើអាខោនផ្ទាល់ខ្លួន ប្រកាសលក់ផ្ទះជាបន្ទាន់ ខណៈដែលម្ដាយរបស់អ្នកនាងស្រាប់តែចូលពេទ្យ និងតម្រូវសង្គ្រោះបន្ទាន់។ ដំណឹងនៃការលក់ផ្ទះរបស់កូនស្រីតារាកំប្លែងជើងចាស់ លោកតា វីតាមីន សេ គឺដើម្បីយកប្រាក់ទៅព្យាបាលជំងឺរបស់អ្នកម្ដាយដែលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ កាល់ម៉ែត្រ។ ជាមួយគ្នា ដំណឹងនេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហាញក្ដីអាណិតអាសូរ ជាពន់ពេកដល់អ្នកនាង ខណៈឪពុកក៏បានលាចាកលោកចោល ណាអ្នកនាងផ្ទាល់ក៏មានបញ្ហាសុខភាព ឥលូវម្ដាយចាស់ក៏ត្រូវមកជួបបញ្ហាបែបនេះទៀត ពិតជាទុក្ខជាន់លើទុក្ខពិតមែន។
ជាមួយដំណឹងប្រកាសលក់ផ្ទះបន្ទាន់នេះដែរ អ្នកនាង ប៉េងប៉ោង ក៏បានទម្លាក់លេខទូរស័ព្ទទំនាក់ទំនងសម្រាប់អ្នកដែលចង់ទិញផ្ទះដែលអ្នកនាងបានប្រកាសលក់នាពេលនេះ 012553865/098429165 ៕
រូបភាព ៖ ប៉េងប៉ោង