ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun និង Kim Sae Ron
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បានផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ Kim Soo Hyun ទាំងដឹងខ្លួនថា តារាប្រុសរូបនេះមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ក្នុងពេលដែលនាងនៅជាអនីតិជននោះឡើយ។
Advertisement
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Maeil Business ប៉ូលិសបានរកឃើញភស្តុតាងបង្ហាញថា រូបភាពថតអេក្រង់ (Screenshot) នៃប្រវត្តិជជែកគ្នានៅក្នុងកម្មវិធី KakaoTalk ដែលលោក Kim Se-ui យកមកបង្ហាញនោះ ជារូបភាពកាត់តកែច្នៃ ដោយមានការប្តូរឈ្មោះគណនីរបស់ភាគីម្ខាងទៀតឱ្យទៅជាឈ្មោះរបស់លោក Kim Soo Hyun ។
បន្ថែមពីនេះ ប៉ូលិសកំពុងសង្ស័យថា សារសំឡេងរបស់ Kim Sae Ron ដែលត្រូវបានយកមកផ្ដល់ជាភស្តុតាងនោះ អាចជាសំឡេងបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។
កន្លងមក លោក Kim Soo Hyun ធ្លាប់បានចេញមុខបំភ្លឺថា លោកពិតជាធ្លាប់បានទាក់ទងស្នេហាជាមួយអ្នកនាង Kim Sae Ron មែន ប៉ុន្តែបានបដិសេធយ៉ាងដាច់អហង្ការថា លោកមិនបានទាក់ទងនាងនៅពេលនាងនៅជាអនីតិជន ដូចការចោទប្រកាន់នោះទេ។
ជាមួយគ្នានេះ តារាប្រុសរូបនេះក៏បានដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្តចំនួន ១២ ប៊ីលានវ៉ុន ឬប្រហែល ៨,១ លានដុល្លារអាមេរិក ប្រឆាំងនឹងលោក Kim Se-ui និងក្រុមគ្រួសាររបស់ Kim Sae Ron ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ។
យ៉ាងណាមិញ សារព័ត៌មាន ZAPZEE បានចុះផ្សាយថា លោក Kim Se-ui បានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ដោយនិយាយថា៖ “វិទ្យាស្ថានកោសល្យវិច័យជាតិ (NFS) បានបញ្ជាក់ហើយថា ខ្លួនមិនអាចកំណត់បានទេថា តើសារសំឡេងនោះត្រូវបានបង្កើតឡើងដោយ AI ឬយ៉ាងណា។ ប៉ុន្តែពេលនេះប៉ូលិសបែរជាសន្និដ្ឋានថា វាជាការក្លែងបន្លំទៅវិញ រឿងនេះវាហាក់ដូចជាមិនសមហេតុផលទាល់តែសោះ”។
លោកបានបន្តអះអាងទៀតថា ក្រុមគ្រួសាររបស់ Kim Sae Ron បានជួលអ្នកជំនាញឱ្យធ្វើកោសល្យវិច័យលើទូរស័ព្ទរបស់កូនស្រី ហើយរកឃើញថា តារាទាំងពីរពិតជាធ្លាប់បានជជែកគ្នាតាម KakaoTalk មែន។