បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ១.៥ លាននាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះទៅហើយក្ដី។

Advertisement

ការប្រកាសថា Heeseung សមាជិកក្រុមតារាប្រុសខេប៉ុប ENHYPEN នឹងចាកចេញពីក្រុមដើម្បីបន្តអាជីពជាតារាចម្រៀងទោល បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកគាំទ្របានបង្ហាញពីការសោកស្ដាយ និងស្រពេចស្រពិល ខណៈពេលដែលមានការប៉ាន់ស្មានផ្សេងៗអំពីអត្ថន័យនៃសេចក្ដីសម្រេចចិត្តនេះ។

ក្រុមហ៊ុន Belift Lab ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Labels និងជាអ្នកគ្រប់គ្រងក្រុម ENHYPEN បានប្រកាសកាលពីថ្ងៃ១០ ខែមីនា ថា តារាចម្រៀងរូបនេះនឹងចាកចេញពីក្រុម ប៉ុន្តែនឹងនៅបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនដដែលក្នុងនាមជាសិល្បករទោល។

ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ តាមរយៈកម្មវិធី “I-LAND” ក្រុម ENHYPEN បានកសាងប្រជាប្រិយភាពយ៉ាងខ្លាំងទូទាំងពិភពលោក ខណៈក្រុមអ្នកគាំទ្រ ENGENE បានទទួលស្គាល់ថា Heeseung គឺជាអ្នកចម្រៀងគោល ដែលជាផ្នែកមួយដ៏សំខាន់ប្រចាំក្រុម។

នៅក្នុងលិខិតសរសេរដោយដៃដែលបានចែករំលែកជាមួយអ្នកគាំទ្រក្នុងថ្ងៃតែមួយ តារាចម្រៀងរូបនេះបានរៀបរាប់ថា សេចក្ដីសម្រេចចិត្តនេះគឺជាលទ្ធផលនៃ “ការពិភាក្សាយ៉ាងស៊ីជម្រៅ” ជាមួយទីភ្នាក់ងារ។

តារាប្រុសវ័យ ២៤ឆ្នាំបានសរសេរថា៖ “រយៈពេល ៦ ឆ្នាំដែលខ្ញុំបានចំណាយកន្លងមក គឺពោរពេញទៅដោយគ្រាដ៏មានតម្លៃដែលមិនអាចរៀបរាប់បាន។ បន្ទាប់ពីបានចែករំលែកលទ្ធផលនៃស្នាដៃផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយក្រុមហ៊ុន និងពិភាក្សាអំពីវិធីល្អបំផុតដើម្បីបង្ហាញទៅសាធារណជន ខ្ញុំបានធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងការដើរតាមទិសដៅដែលក្រុមហ៊ុនបានស្នើ ដើម្បីឱ្យខ្ញុំអាចចូលទៅរក ENGENE ជាមួយនឹងរូបភាពរបស់ខ្លួនឯងដែលកាន់តែប្រសើរជាងមុន”។

ព័ត៌មាននេះបានក្លាយជាការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជាច្រើន ហើយបានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គម។ ការពិភាក្សាបានផ្ទុះឡើងនៅលើបណ្ដញសង្គម ដូចជា X ​និង Weverse ដោយអ្នកគាំទ្រមួយចំនួនក៏បានរៀបចំយុទ្ធនាការតាមអ៊ីនធឺណិត ដើម្បីទាមទារឱ្យមានការបកស្រាយច្បាស់លាស់បន្ថែមទៀតអំពីសេចក្ដីសម្រេចនេះ។

យោងតាមសារព័ត៌មាន The Korea Times គិតត្រឹមម៉ោង ថ្ងៃទី ១៣ ខែមីនា មនុស្សប្រហែល ១.៥ លាននាក់ បានចុះហត្ថលេខាលើញត្តិក្នុងគេហទំព័រ Change.org ដើម្បីជំរុញឱ្យ BELIFT LAB និង HYBE ពិចារណាឡើងវិញនូវការសម្រេចចិត្តនេះ។

ញត្តិខាងលើបានរៀបរាប់ពីគោលបំណងថា៖ “យើងដែលជាអ្នកគាំទ្រ ENHYPEN មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសថា Heeseung នឹងចាកចេញពីក្រុមដើម្បីចេញអាល់ប៊ុមទោល។ ខណៈពេលដែលយើងគាំទ្រយ៉ាងពេញទំហឹងចំពោះការរីកចម្រើនផ្នែកសិល្បៈរបស់ Heeseung យើងជឿជាក់យ៉ាងមុតមាំថា អាជីពទោលមិនគួរតម្រូវឱ្យចាកចេញពីក្រុម ENHYPEN នោះទេ”។

វិធីសាស្រ្ត និងពេលវេលាអំពីការចាកចេញនេះក៏ជាផ្នែកមួយនៃការិះគន់ផងដែរ ដោយសារសេចក្ដីប្រកាសនេះបានកើតឡើងបន្ទាប់ពី ENHYPEN បានចេញអាល់ប៊ុមខ្នាតតូចទី ៧ “The Sin: Vanish” កាលពីខែមករា និងកំពុងតែទទួលបានការគាំទ្រខ្លាំង តែជាមានការបាត់បង់សមាជិកភ្លាមៗដោយមិនអាចស្មានទុកបាន។

កង្វះការពន្យល់លម្អិតនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានដាក់ការសង្ស័យថា Heeseung អាចនឹងត្រូវបានគេដាក់សម្ពាធឱ្យចាកចេញ ទោះបីជាមិនទាន់មានភស្តុតាងណាមួយដែលអាចយកមកគាំទ្រការអះអាងនេះក៏ដោយ។

ទន្ទឹមគ្នានេះ ទោះបីជាក្រុមហ៊ុន និងសិល្បករមិនបានភ្ជាប់ការចាកចេញនេះទៅនឹងបញ្ហាសុខភាពក្ដី តែការព្រួយបារម្ភអំពីសុខុមាលភាពរបស់តារាចម្រៀងរូបនេះបានក្លាយជាប្រធានបទក្ដៅមួយក្នុងចំណោមអ្នកគាំទ្រ។

ជាក់ស្ដែង នៅក្នុងវីដេអូ Fan cheer guide សម្រាប់បទ Big Girls Don’t Cry បានបង្ហាញថា Heeseung ហាក់ដូចជាងងុយគេងមួយភាំងក្នុងពេលថតវីដេអូ ដែលធ្វើឱ្យមានការពិភាក្សាឡើងវិញអំពីសម្ពាធផ្លូវកាយ និងផ្លូវចិត្តដែលលោកអាចនឹងជួបប្រទះនៅពីក្រោយឆាក។

ពេលវេលាបន្ទាប់ពីនេះ គឺជាពេលដែល ENHYPEN ត្រូវសម្របខ្លួននឹងក្រុមដែលនៅសល់សមាជិកត្រឹម ៦នាក់ ក៏ដូចជាពេលវេលាដែលបញ្ជាក់ថា តើពួកគេនឹងនៅតែអាចរក្សាប្រជាប្រិយភាពដូចដើម ឬយ៉ាងណា។ ចំពោះ Heeseung វិញ គឺជាពេលវេលាដែលោកត្រូវដកពិសោធន៍ខ្លួនឯងក្នុងនាមជាសិល្បករទោល៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា