តារាសម្តែង Song Kang និង Kim So Hyun ចាប់ដៃគ្នាសម្តែងម្ដងទៀត ក្នុងរឿងភាគមនោសញ្ចេតនាថ្មីដែលមានចំណងជើងថា White Scandal ភាពយន្តបែបស្នេហាក្រោមកិច្ចសន្យា ពោពេញទៅដោយអាថ៌កំបាំង និងការដណ្តើមអំណាច។

តារាសម្តែង Song Kang និង Kim So Hyun ចាប់ដៃគ្នាសម្តែងម្ដងទៀត ក្នុងរឿងភាគមនោសញ្ចេតនាថ្មីដែលមានចំណងជើងថា White Scandal ភាពយន្តបែបស្នេហាក្រោមកិច្ចសន្យា ពោពេញទៅដោយអាថ៌កំបាំង និងការដណ្តើមអំណាច។

បន្ទាប់ពីបានឆក់យកបេះដូងអ្នកគាំទ្រក្នុងរឿង Love Alarm កាលពី ៥ឆ្នាំមុន តារាសម្តែងកូរ៉េខាងត្បូងទាំងពីររូបនេះ នឹងត្រូវសម្ដែងរួមគ្នាសាជាថ្មីក្នុងរឿងភាគ White Scandal។ ភាពយន្តនេះផ្ដោតទៅលើតួអង្គ Ji Eun Seol សម្តែងដោយ Kim So Hyun ដែលជាអតីតតារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ ប៉ុន្តែអាជីពរបស់នាងត្រូវដួលរលំទាំងស្រុង បន្ទាប់ពីនាងបានចេញមុខទទួលកំហុសជំនួសបងប្រុស។
ដោយបាត់បង់អ្វីៗគ្រប់យ៉ាងត្រឹមមួយប៉ព្រិចភ្នែក Eun Seol មិនបានបោះបង់ក្តីស្រមៃក្នុងវិស័យសិល្បៈឡើយ ដោយនាងបានដកខ្លួនទៅធ្វើការនៅពីក្រោយឆាកជា អ្នកចាត់ការតារា ទាំងព្យាយាមលាក់ទុកនូវការឈឺចាប់ពីអតីតកាល។

ព្រហ្មលិខិតបាននាំឱ្យនាងជួបជាមួយ Dan Yi Hyuk សម្តែងដោយ Song Kang ដែលជាតារាលំដាប់កំពូល និងជាកូនក្រៅច្បាប់នៃគ្រួសារមហាសេដ្ឋីដ៏មានអំណាច និងកំពុងជាប់ជំពាក់ក្នុងសង្គ្រាមដណ្តើមមរតក។ ដើម្បីបំពេញបំណងចុងក្រោយរបស់ម្តាយដែលបានចែកឋានទៅ និងដើម្បីដកខ្លួនចេញពីការដណ្តើមអំណាចក្នុងក្រុមហ៊ុន Yi Hyuk បានស្នើទៅ Eun Seol ឱ្យធ្វើជា “សង្សារក្នុងកិច្ចសន្យា”។
គួរឱ្យដឹងថា White Scandal ជាភាពយន្តភាគដែលដកស្រង់ចេញពីស្នាដៃដើមដ៏ល្បីល្បាញរបស់ Kim Ga Eun ដែលជាម្ចាស់ស្នាដៃរឿង Call It Love ខណៈទទួលបានលោក Kim Cheol Kyu ម្ចាស់ស្នាដៃរឿង Mother និង Flower of Evil មកធ្វើជាអ្នកដឹកនាំ។
បច្ចុប្បន្ន រឿងខាងលើកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសតួសម្តែង ដោយគ្រោងនឹងចាប់ផ្តើមការថតនៅចន្លោះឆមាសទី២ ឆ្នាំនេះ បន្ទាប់ពីតួឯកប្រុស Song Kang បញ្ចប់ការថតរឿង Four Hands៕

