រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងលូកដៃចូលអន្តរាគមន៍ ដើម្បីពង្រឹង “ឆ្អឹងខ្នង” នៃឧស្សាហកម្មខេប៉ុបដោយបានចាប់ផ្តើមគម្រោងថ្មីមួយ ក្នុងគោលបំណងជួយដល់ទីភ្នាក់ងារតន្ត្រីខ្នាតតូច និងមធ្យម ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមជាមួយទីភ្នាក់ងារមាតិកាច្នៃប្រតិដ្ឋកូរ៉េ (KOCCA) បានប្រកាសថា ខ្លួនបានជ្រើសរើសក្រុមចម្រៀងខេប៉ុបឯករាជ្យចំនួន ១០ ក្រុម ដើម្បីចូលរួមក្នុងគម្រោង “Global Leap Forward Support”។
នៅក្រោមគម្រោងនេះ ទីភ្នាក់ងារដែលត្រូវបានជ្រើសរើសនីមួយៗនឹងទទួលបានថវិកាឧបត្ថម្ភរហូតដល់ ៣០០ លានវ៉ុន ឬប្រមាណ ២១៨ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ សរុបរយៈពេល ៣ ឆ្នាំ ដើម្បីយកទៅប្រើប្រាស់លើការផ្សព្វផ្សាយជាអន្តរជាតិ ការផលិតវីដេអូចម្រៀង និងការប្រគំតន្ត្រីនៅក្រៅប្រទេស។
លោក Choi Sung-hee អគ្គនាយកនៃការិយាល័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយមាតិកា បានលើកឡើងថា៖ “ដើម្បីឱ្យខេប៉ុបសម្រេចបាននូវកំណើនប្រកបដោយចីរភាព ទីភ្នាក់ងារខ្នាតតូចដែលជាឆ្អឹងខ្នងនៃឧស្សាហកម្មរបស់យើង ត្រូវតែមានលទ្ធភាពរីកចម្រើនទៅមុខបាន។ យើងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងជំរុញឱ្យមានអព្ភូតហេតុ Small-agency miracle មួយផ្សេងទៀត ដើម្បីដឹកនាំអនាគតរបស់ខេប៉ុប”។
ការលូកដៃអន្តរាគមន៍នេះ គឺកើតឡើងចំពេលដែលមានការព្រួយបារម្ភលើភាពខុសគ្នាយ៉ាងខ្លាំងចំពោះទីផ្សារតន្ត្រីខេប៉ុបរបស់ផលិតកម្មខ្នាតធំ និងខ្នាតតូច។
ស្របដែលទីផ្សារតន្ត្រីខេប៉ុបនៅក្រៅប្រទេស ក្នុងឆ្នាំ ២០២៥ បានកើនឡើងរហូតដល់ទៅ ៣២.៤ ភាគរយ ទីផ្សារនេះនៅតែបន្តគ្រប់គ្រងយ៉ាងខ្លាំងដោយក្រុមហ៊ុនយក្សធំៗចំនួន ៤ ឬហៅថា Big Four រួមមាន HYBE, SM Entertainment, JYP Entertainment និង YG Entertainment។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ក្រុមហ៊ុនធំៗទាំងនោះបានចំណាយថវិកាជាមធ្យម ៤៣.១ ពាន់លានវ៉ុន លើការផលិតតន្ត្រីក្នុងឆ្នាំ ២០២៣ ខណៈទីភ្នាក់ងារខ្នាតតូចចំណាយជាមធ្យមត្រឹមតែ ១.៤៩ ពាន់លានវ៉ុនប៉ុណ្ណោះ។ លើសពីនេះទៅទៀត សិល្បករមកពីផលិតកម្មធំៗបានចេញទៅសម្តែងនៅបរទេសញឹកញាប់ជាងក្រុមចម្រៀងឯករាជ្យខ្នាតតូចរហូតដល់ ២០ ដង។
សម្រាប់ក្រុមចម្រៀងដែលនឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងជំនាន់ដំបូងនេះ មានដូចជា ក្រុមនារី Rescene ដែលកំពុងផ្តោតលើទីផ្សារជប៉ុន និងអាមេរិក ក៏ដូចជាក្រុមបុរស Xikers ដែលកំពុងត្រៀមខ្លួនវាយលុកទីផ្សារជប៉ុនដូចគ្នា។
ក្រៅពីនេះ នៅមានក្រុម TUNEXX ដែលកំពុងគ្រោងថតវីដេអូចម្រៀង និងរៀបចំការសម្តែងពិសេសនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា ខណៈដែលក្រុមចម្រៀងឯករាជ្យ can’t be blue កំពុងត្រៀមបង្កើតក្រុមអ្នកគាំទ្រតាមរយៈកម្មវិធី Radar របស់ Spotify ៕