ធ្លាប់តែឃើញការបើកកម្មវិធីប្រកួត Baseball នៅប្រទេសកូរ៉េខាងត្បូងអញ្ជើញតារា K-Pop ប្រុសស្រីល្បីៗទៅបោះបាល់លើក ឬ “First Pitch” តែឆ្នាំនេះ កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី ត្រូវបានអញ្ជើញជាកិត្តិយសក្នុងការគប់គ្រាប់បាល់បើកឆាកប្រកួត លីគ Baseball នៅកូរ៉េខាងត្បូង។
កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី បានឲ្យដឹងថា វាជាកិត្តិយសដ៏ធំធេងមួយដែលបានបោះបាល់លើកដំបូងក្នុងពិធីនេះ តំណាងឲ្យប្រទេសកម្ពុជា ហើយអ្នកនាងក៏បន្តនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជាតាមរយៈកីឡា និងបង្កើតមោទនភាពដល់ប្រជាជនផងដែរ។
ការណ៍ដែលកីឡាការិនី ស្រួង ភាវី អាចមានវត្តមានជាអ្នកគប់បាល់ បើកឆាកប្រកួត KBO League ព្រោះកិត្តិនាមអ្នកនាងល្បីល្បាញខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ហើយអ្នកខេត្តត្បូងឃ្មុំរូបនោះក៏ទើបឈ្នះជើងឯកពានរង្វាន់ LPBA Championship។ ស្រួង ភាវី ជាកីឡាការិនីខ្មែរ ដែលមានមុខមាត់ពេញកូរ៉េខាងត្បូង ហើយតែងតែឈឺឆ្អាលនឹងប្រទេសកំណើតខ្លួន។ មិនតែប៉ុណ្ណោះ នាងតែតំណាងឲ្យកម្ពុជា និងលើកទង់ជាតិប្រទេសកំណើតជានិច្ច។
គួរបញ្ជាក់ថា ceremonial first pitch នៅក្នុងវប្បធម៌កីឡាជាទស្សនីយភាពវប្បធម៌ និងកម្សាន្តដ៏សំខាន់មួយ។ សម្រាប់បុគ្គលដែលអាចក្លាយជា First Pitch បានទាល់តែលំដាប់អ្នកមានកេរ្តិ៍ឈ្មោះកំពូលៗដូចជាវីរបុរសជាតិ, ប្រធានាធិបតី និងតារា K-Pop លំដាប់សាកល។
នៅប្រទេសកូរ៉េខាងត្បូងប្រភេទកីឡាកំពូលទាំងប្រាំ ដែលមានអ្នកចូលចិត្តច្រើនបំផុត ទី១ Baseball ,បាល់ទាត់, កីឡាអេឡិចត្រូនិក, បាល់បោះ និងតេក្វាន់ដូ ដែលកីឡានីមួយៗមានវត្តមានយ៉ាងច្រើននៅក្នុងវប្បធម៌ លីគអាជីព និងសមិទ្ធផលអន្តរជាតិរបស់ប្រទេស។
គួរបញ្ជាក់ថា តារា K-pop ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ពិភពលោកតែងតែ៥ត្រូវបានគេផ្ដល់កិត្តិយសអញ្ជើញបោះបាល់ដំបូងក្នុងការប្រកួត Major League Baseball (MLB) និង Korea Baseball Organization (KBO) ដើម្បីអបអរសាទរព្រឹត្តិការណ៍ ធ្វើឲ្យអ្នកគាំទ្ររំភើប និងផ្សព្វផ្សាយតន្ត្រីរបស់ពួកគេ៕