ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់ ព្រះនាង នរោត្តម អេម៉ា ជាសែរាជវង្សដែលប្រឡូកក្នុងវិស័យសិល្បៈទាំងវ័យក្មេង។ ដ្បិតជាបងប្អូនបង្កើត តែបើមើលពីស្ទីល៍នៃការតែងខ្លួនរបស់ព្រះនាងទាំង២ មានភាពខុសគ្នា តែស្រស់ស្អាត និងទាក់ទាញម្យ៉ាងម្នាក់។
ព្រះនាង ជេនណា តែងត្រូវបានមហាជនពោលសរសើរពីភាពស្រស់ស្អាត ទាំងលើរូបសម្បត្តិ និងចរិយាសម្បត្តិរបស់ទ្រង់។ ព្រះនាងជាសិល្បករវ័យក្មេងរបស់កម្ពុជា ដែលច្បាមបានប្រជាប្រិយភាព មិនចាញ់រៀមច្បង ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈ មកទល់ពេលបច្ចុប្បន្ន។ ក្នុងនាមជាសិល្បករមួយរូប ព្រះនាងតែងបង្ហាញវត្តមានយាងចូលរួមកម្មវិធីធំតូចជាច្រើន ទាំងក្នុងនិងក្រៅសិល្បៈ។
ជាទូទៅ មហាជនតែងបានឃើញ ព្រះនាង ជេនណា ក្នុងឈុតសម្លៀកបំពាក់ បែបស្រគត់ស្រគំ ជាមួយស្ទីល៍ទម្លាក់សក់ខ្មៅវែងរលោងស្រិល និងការផាត់មុខស្ដើងៗ ចូលរួមក្នុងកម្មវិធី។ ដោយឡែក ព្រះនាង នរោត្តម អេម៉ា ដែលជាម្ចាស់បងរបស់ទ្រង់ បានបង្ហាញស្ទីល៍នៃការតែងខ្លួនមួយបែបផ្សេងទៀត ពេលចូលរួមកម្មវិធីថ្ងៃតែមួយ ជាមួយក្រែមពណ៌ក្រហមឆ្អិនឆ្អៅ និងរ៉ូបវែងក្រហមស្រស់ អមដោយក្រវិលធំៗ ដែលគ្រាន់តែមើលក៏អាចដឹងថា ជាស្ទីល៍តុបតែងបែបអឺរ៉ុបទៅហើយ។
គួរឱ្យដឹងបន្ថែមថា ព្រះនាង អេម៉ា ទ្រង់បានទៅរស់នៅ និងទទួលការសិក្សានៅប្រទេសបារាំង ហើយក៏បានប្រឡូកក្នុងវិស័យជាតារាម៉ូដែលនៅទីនោះ។ ដោយឡែក ថ្មីៗនេះ ព្រះនាងកំពុងថតភាពយន្តក្នុងស្រុក ដែលត្រៀមបញ្ចាំងនាពេលឆាប់ៗ៕
រូបភាព ៖ ព្រះនាង ជេនណា និង TaTa Make Up Artist