កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េ បង្ហាញពីកំណើននៃកម្មវិធីកម្សាន្តបែបជំនឿអរូបិយ
កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េខាងត្បូងកំពុងតែទទួលបានការពេញនិយមក្នុងចំណោមទស្សនិកជន ស្របពេលដែលវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង បាននាំយកជំនឿអរូបិយមកធ្វើជាកម្មវិធីកម្សាន្តជាបន្តបន្ទាប់ នាំឱ្យមានការបញ្ចេញមតិផ្សេងគ្នា។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times នៅថ្ងៃទី៤ ខែមីនា នេះ។
សារព័ត៌មាន The Korea Times បានសរសេរថា សន្ទុះនៃការនាំយកអបិយជំនឿមកធ្វើជាកម្មវិធីកម្សាន្តនេះ គឺកើតឡើងក្រោយពីភាពជោគជ័យនៃភាពយន្តរឿង Exhuma ក៏ដូចជាគំនូរជីវចល KPop Demon Hunters។ បច្ចប្បន្ន កម្មវិធីកម្សាន្តប្រភេទតែមួយ ដូចជា Fortune Tellers’ Love, Shinpal Talk Show: A Strange Story និងរឿងភាគ The Haunted Palace កំពុងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់វ័យ។