«THE ZERO PROJECT» គឺជាកម្មវិធី Reality Survival ដ៏ថ្មីសន្លាង ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរក និងបណ្ដុះបណ្ដាលយុវជនមានសមត្ថភាព ដើម្បីក្លាយជាក្រុមតារាចម្រៀងប្រុស (BOY BAND) និងតារាចម្រៀងទោល (Solo Artist) ដែលមានសមត្ថភាពពេញលេញ ទាំងការច្រៀង រ៉េប រាំ និងរូបសម្រស់លេចធ្លោ ដែលថ្មីៗនេះត្រូវបានសារព៌តមាននៅប្រទេសកូរ៉េខាងត្បូង ក៏បានចុះផ្សាយពីគម្រោងនេះដូចគ្នា។
ក្រោមគំនិត «FROM ZERO, BUT NOT ZERO» កម្មវិធីមានបេសកកម្មចម្បងក្នុងការលើកស្ទួយមុខមាត់វិស័យ CAM-POP ឲ្យមានគុណភាពស្តង់ដារខ្ពស់ ដើម្បីបង្កើតមោទនភាពជាតិ និងឆ្ពោះទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។
ជំហានដំបូង តែមានភាពរឹងមាំ «THE ZERO PROJECT» បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុន MOREA ដែលជាម្ចាស់ឧបត្ថម្ភធំ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានលោក បាន ចន្ទី នាយកគ្រប់គ្រងកម្មវិធី និងឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកក្រុមហ៊ុន MOREA ដែលអ្នកទាំង ២ មានចក្ខុវិស័យរួមគ្នា ក្នុងការជំរុញសិល្បៈកម្ពុជាឲ្យរីកចម្រើនប្រកបដោយគុណភាពលំដាប់ខ្ពស់បំផុត។
អ្វីដែលកាន់តែអស្ចារ្យ បេក្ខជននឹងត្រូវស្នាក់នៅ និងហ្វឹកហាត់រួមគ្នានៅក្នុង Trainee Dorm ក្រោមការបង្ហាត់បង្ហាញផ្ទាល់ពីគ្រូបង្វឹក (Coaches) លំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ រួមជាមួយគ្រូបង្វឹកឆ្នើមៗរបស់កម្ពុជា។ នេះជាបទពិសោធន៍ដ៏កម្រ និងជាការបង្ហាញសកម្មភាពរស់នៅពិតៗ (Reality) ដើម្បីចម្រាញ់យក «ជើងខ្លាំង» មកបង្កើតជាក្រុមតារាចម្រៀងអាជីព ដែលពិភពលោកត្រូវស្គាល់៕
រូបភាព៖ ផ្ដល់ឲ្យ