ពិធីមង្គលការដ៏ប្រណីតរបស់តារាម៉ូដែល Ming Xi និងស្វាមីសេដ្ឋីនៅប្រទេសបារាំង ធ្វើឱ្យកក្រើកបណ្តាញសង្គម
តារាម៉ូដែល Victoria’s Secret ពីប្រទេសចិន Ming Xi និងស្វាមីជាអ្នកស្នងមរតកកាស៊ីណូ លោក Mario Ho នៅទីបំផុតបានរៀបចំពិធីមង្គលការក្នុងក្តីស្រមៃរបស់ពួកគេនៅក្នុងប្រទេសបារាំង បន្ទាប់ពីប្រើជីវិតជាប្ដីប្រពន្ធអស់រយៈពេលប្រាំពីរឆ្នាំ ដោយបានធ្វើឱ្យភ្ញៀវកិត្តិយសជក់ចិត្តដិតអារម្មណ៍ជាមួយការប្រារព្ធពិធីដូចក្នុងរឿងព្រេងនិទាន និងគ្រឿងអលង្ការពេជ្រដ៏ប្រណីត។
Advertisement
ពិធីមង្គលការតារាដែលត្រូវបានគេចាប់អារម្មណ៍ច្រើនបំផុតប្រចាំឆ្នាំមួយនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែមិថុនា ជាមួយប្រធានបទ «សន្យាដែលបានបំពេញទាន់ពេលវេលា» (A Promise Fulfilled Right on Time) ដែលជាការបើកទំព័រថ្មីមួយសម្រាប់ប្តីប្រពន្ធមួយគូនេះ ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់តាំងពីឆ្នាំ ២០១៩ និងបានកសាងគ្រួសារជាមួយគ្នាដោយមានកូនចំនួនពីរនាក់រួចមកហើយ។
ពិធីនេះត្រូវបានរៀបចំឡើងនៅឯតំបន់ប្រវត្តិសាស្ត្រ Mont-Saint-Michel ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងបានក្លាយជាព្រឹត្តិការណ៍មួយដែលមានការពិភាក្សាយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គមចិនភ្លាមៗ។
រឿងរ៉ាវស្នេហារបស់ Ming Xi និង Mario Ho បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ នៅក្នុងខែកក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីមានការសុំរៀបការជាសាធារណៈដ៏ល្បីល្បាញ ដែលមានប្រើប្រាស់ផ្កាកុលាបរហូតដល់ ៩៩ ៩៩៩ ទង។
លោក Mario Ho គឺជាកូនប្រុសរបស់ស្រ្តីអ្នកជំនួញអ្នកស្រី Angela Leong និងស្តេចកាស៊ីណូដ៏ល្បីល្បាញគឺលោក Stanley Ho ហើយលោកផ្ទាល់ក៏ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈសមិទ្ធផលលេចធ្លោខាងផ្នែកការសិក្សា។ លោក Mario Ho ធ្លាប់ជានិស្សិតឆ្នើមក្នុងការប្រកួតប្រជែងគណិតវិទ្យា និងទទួលបានការផ្តល់ឱកាសឱ្យចូលរៀនទាំងនៅសកលវិទ្យាល័យ Oxford និងវិទ្យាស្ថាន MIT ហើយនៅទីបំផុតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសិត (MIT) មុនពេលត្រឡប់មកអាស៊ីវិញ ដើម្បីបន្តអាជីពអាជីវកម្មរបស់ខ្លួន។