
ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង។

កន្លងមកអ្នកលេងអ៊ីនធឺណិតជាច្រើន បានសន្មតថាអតីតកំពូលតារារូបនេះកំពុងរស់នៅក្នុងជីវិតដុនដាបផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីការដួលរលំនៃអាជីព ការលែងលះ និងរឿងចម្រូងចម្រាសផ្នែកច្បាប់។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗពីប្រព័ន្ធផ្សព្វផ្សាយចិនបានអះអាងថា តារាសម្ដែងស្រីរូបនេះបានរក្សាជីវិតរស់នៅយ៉ាងមានផាសុកភាពដោយស្ងាត់ស្ងៀមនៅឯបរទេស។
យោងតាមគេហទំព័រ QQ បានឱ្យដឹងថា Zhao Wei បានរៀបចំ «ផ្លូវក្រោយ» រួចជាស្រេច តាំងពីយូរណាស់មកហើយ មុនពេលការហាមឃាត់ក្នុងវិស័យសិល្បៈត្រូវបានប្រកាសជាផ្លូវការ។
រឿងចម្រូងចម្រាសជុំវិញតារាសម្ដែងស្រីវ័យ ៥០ឆ្នាំរូបនេះ បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៦ នៅពេលដែលនាងនិងអតីតស្វាមីជាអ្នកជំនួញ Huang Youlong ត្រូវបានចោទប្រកាន់ពីបទបន្លំ និងកែច្នៃទីផ្សារភាគហ៊ុន។ រឿងអាស្រូវនេះត្រូវបានរាយការណ៍ថា បានបង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់វិនិយោគិនជាច្រើននៅទូទាំងប្រទេសចិន។
នៅក្នុងឆ្នាំ ២០១៨ ស្ថាប័នគ្រប់គ្រងមូលបត្ររបស់ប្រទេសចិន បានប្រកាសហាមឃាត់ប្ដីប្រពន្ធមួយគូនេះជាផ្លូវការមិនឱ្យចូលរួមក្នុងទីផ្សារភាគហ៊ុនរយៈពេល ៥ ឆ្នាំ និងបានផាកពិន័យពួកគេម្នាក់ៗចំនួន ៣ សែនយ័ន ឬស្មើនឹង ៤៤០០០ ដុល្លារអាមេរិក។ ក្រៅពីនេះ Zhao Wei ក៏ត្រូវបង្គាប់ឱ្យបង់ប្រាក់សំណងរាប់លានយ័ន ព្រមទាំងប្រឈមមុខនឹងបណ្តឹងរាប់រយករណីពាក់ព័ន្ធនឹងរឿងក្តីនេះ។
រូបភាពសាធារណៈរបស់តារាសម្ដែងស្រីរូបនេះបានធ្លាក់ចុះយ៉ាងគំហុក ហើយនៅក្នុងឆ្នាំ ២០២១ នាងត្រូវបានគេលុបឈ្មោះចេញពីប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីកម្សាន្តធំៗរបស់ចិនភ្លាមៗត្រឹមតែមួយយប់។ ភាពយន្ត និងគម្រោងទូរទស្សន៍របស់នាងត្រូវបានគេរាយការណ៍ថា ត្រូវបានដកចេញពីសេវាកម្ម Streaming ខណៈពេលដែលគណនីបណ្តាញសង្គមមួយចំនួនរបស់នាង មិនអាចចូលប្រើប្រាស់បានឡើយ។


ទោះបីជាមានស្ថានភាពបែបនេះនៅក្នុងប្រទេសចិនក៏ដោយ របាយការណ៍បានអះអាងថា Zhao Wei បានផ្ទេរទ្រព្យសម្បត្តិមួយភាគធំរបស់នាងទៅឯបរទេសតាំងពីច្រើនឆ្នាំមុនមកម៉្លេះ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានពិពណ៌នាថា តារាសម្ដែងស្រីរូបនេះជាវិនិយោគិនដែលមានជំនាញខ្ពស់ម្នាក់ ខណៈបានទិញអចលនទ្រព្យមានតម្លៃខ្ពស់នៅក្នុងប្រទេសសិង្ហបុរី និងបានផ្លាស់ប្តូរទ្រព្យសម្បត្តិទៅកាន់សហរដ្ឋអាមេរិក តាមរយៈរចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏ស្មុគស្មាញ។
ដោយសារតែហេតុនេះ ទោះបីជាអាជីវកម្មរបស់នាងនៅក្នុងប្រទេសចិនត្រូវបានរាយការណ៍ថាបានដួលរលំ ហើយទ្រព្យសម្បត្តិក្នុងស្រុកមួយចំនួនត្រូវបានបង្កកក៏ដោយ ក៏ Zhao Wei នៅតែអាចរក្សារបៀបរស់នៅប្រកបដោយស្ថិរភាពនៅឯបរទេស និងអាចបញ្ជូនកូនស្រីរបស់នាងឱ្យទៅរៀននៅសាលាលំដាប់កំពូលនៅឯបរទេសបាន។
មិនតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា នៅតែបន្តរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយមនុស្សក្នុងឧស្សាហកម្មកម្សាន្ត បើទោះបីជាស្ថិតក្នុងស្ថានភាពត្រូវគេដាក់បញ្ជីខ្មៅក៏ដោយ។ ជាក់ស្ដែង កាលពីខែមុន Zhao Wei បានចូលរួមក្នុងពិធីជួបជុំអបអរសាទរខួបលើកទី ៣០ នៃថ្នាក់រៀនសម្ដែងឆ្នាំ ១៩៩៦ នៅឯវិទ្យាស្ថានបណ្ឌិត្យសភាភាពយន្តទីក្រុងប៉េកាំង រួមជាមួយមិត្តរួមថ្នាក់ល្បីៗជាច្រើនរូប។

ទោះបីជាអតីតតួឯកស្រីក្នុងរឿង «ព្រះនាងយេយេ» រូបនេះ មិនអាចមកគ្រប់គ្រងឥទ្ធិពលក្នុងវិស័យកម្សាន្តចិនដូចកាលពីមុនបានទៀតក្តី ប៉ុន្តែប្រភពជិតដិតបាននិយាយថា នាងនៅតែរស់នៅយ៉ាងសុខស្រួលនៅឯបរទេស ខណៈនៅតែបន្តសង្ឃឹមសម្រាប់ការវិលត្រឡប់មកកាន់វិស័យនេះវិញនាពេលអនាគត ៕
