វ៉ាសូវី ៖ ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Karol Nawrocki បានប្រកាស បើកចំហទទួលស្វាគមន៍ទាហានអាមេរិក ដែលត្រៀមដកខ្លួនចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍។

វ៉ាសូវី ៖ ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Karol Nawrocki បានប្រកាស បើកចំហទទួលស្វាគមន៍ទាហានអាមេរិក ដែលត្រៀមដកខ្លួនចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីតាំងសមយុទ្ធរបស់អង្គការណាតូ ក្នុងប្រទេសលីទុយអានី, លោក Karol Nawrocki បាននិយាយថា ប្រទេសប៉ូឡូញត្រៀមខ្លួនជាស្រេច ដើម្បីទទួលទាហានអាមេរិក ហើយបញ្ជាក់ទៀតថា លោកនឹងបញ្ចុះបញ្ចូលដោយផ្ទាល់ ដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យបញ្ជូនកងទ័ព ទៅទិសខាងកើត ដោយលោកបានសង្កត់ធ្ងន់ថា ប៉ូឡូញបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ជំហានបែបនេះ។
បើតាម Anadolu, ការលើកឡើងដូច្នេះ ធ្វើឡើង នៅប្រមាណ១សប្តាហ៍ បន្ទាប់ពីក្រសួងសង្គ្រាមអាមេរិក បានប្រកាសថា ទាហានប្រមាណ ៥.០០០ នាក់ ដែលឈរជើង ក្នុងប្រទេសអាល្លឺម៉ង់ នឹងត្រូវដកចេញក្នុងរយៈពេលពី ៦ ទៅ ១២ ខែ។ បច្ចុប្បន្ន ប៉ូឡូញ ជាអ្នកជិតខាងរបស់អាល្លឺម៉ង់ មានទាហានអាមេរិក ឈរជើង ប្រមាណ ១០.០០០នាក់។
បើតាម AFP, ការសម្រេចដក ទ័ពអាមេរិក៥ពាន់នាក់ ត្រូវបានប្រកាសដោយអ្នកនាំពាក្យមន្ទីរបង់តាហ្គោន ជាផ្លូវការ កាលពីដើមខែនេះ ពោល គឺ បន្ទាប់ពីលោក Donald Trump ពេលមានជម្លោះពាក្យសម្តី ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ មេដឹកនាំអាមេរិក រូបនេះ ខឹងសម្បារជាខ្លាំង បន្ទាប់ពីលោក Merz បាននិយាយថា អ៊ីរ៉ង់ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន “អាម៉ាស់មុខ” នៅតុចរចា៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត
