តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់ បានប្រកាសក្តែងៗទៅកាន់ពិភពលោកថាចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រ Hormuz នឹងវិលទៅរកស្ថានភាពធម្មតាឡើងវិញ ដរាបណាសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានបញ្ឈប់ជាអចិន្ត្រៃយ៍ ហើយការបិទផ្លូវទឹកដោយកងទ័ពជើងទឹកអាមេរិកនិងទណ្ឌកម្មខុសច្បាប់ប្រឆាំងអ៊ីរ៉ង់ ត្រូវបានដកចេញទាំងស្រុង ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។ ជុំវិញបញ្ហាច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិក និងរដ្ឋអារ៉ាប់មួយចំនួនបានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃ ពុធក្នុងបំណងពិភាក្សាអំពីសេចក្តីសម្រេចថ្មី ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រដ៏សំខាន់មួយនេះ ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ ជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារនានាការដាក់ពង្រាយគ្រាប់មីន និងការយកថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើតាមស៊ីនហួរ ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានដាក់លិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ ដោយបានរិះគន់មិនសំចៃមាត់ លើសេចក្តីព្រាងសេចក្តីសម្រេច “ឯកតោភាគី និងបង្កហេតុ” របស់សហរដ្ឋអាមេរិក និងបារ៉ែន ដែលបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខយូអិនជុំវិញស្ថានភាពនៅច្រកសមុទ្រ Hormuz ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់, ក្រៅពីរិះគន់ លោក Araghchi ថែមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឱ្យក្រុមប្រឹក្សាសន្តិសុខយូអិនត្រូវបានរំលោភបំពានដោយពួកឈ្លានពាន ឬក្លាយជាឧបករណ៍បម្រើផលប្រយោជន៍ខុសច្បាប់ជនទាំងនោះ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា



























