វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រែពីគូជម្លោះ មកក្លាយជាដៃគូ សហការ បង្កើតជាខ្សែទំនាក់ទំនង ការពារសុវត្ថិភាពនាវា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz រួមគ្នា។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រែពីគូជម្លោះ មកក្លាយជាដៃគូ សហការ បង្កើតជាខ្សែទំនាក់ទំនង ការពារសុវត្ថិភាពនាវា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz រួមគ្នា។
នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ ពោលគឺ នៅបន្ទាប់ពី ភាគីពាក់ព័ន្ធបានបញ្ចប់ការចរចា យ៉ាងតានតឹង នៅប្រទេសស្វីស។
ក្រុមប្រទេសជាអ្នកសម្រុះសម្រួល រួមមាន ប៉ាគីស្ថាន និងកាតា បានអះអាងថា ខ្សែទំនាក់ទំនងថ្មីនេះ ត្រូវបានបង្កើតឡើង ដើម្បីជៀសវាង ឧប្បត្តិហេតុនានា និង ការប្រាស្រ័យទាក់ទង ដោះស្រាយភាពខុសឆ្គងនានា ក្នុងគោលបំណង ឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់នាវាពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz សម្រាប់រយៈពេល៦០ ថ្ងៃ ដូចដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង អាមេរិក-អ៊ីរ៉ង់។
យោងតាមកិច្ចព្រមព្រៀង, អ៊ីរ៉ង់នឹងប្រើប្រាស់ កិច្ចខិតខំប្រឹងប្រែងល្អបំផុតរបស់ខ្លួន ដើម្បីធានា នូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃកប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ទៅ និង មក រវាងពីឈូងសមុទ្រពែក្ស និង សមុទ្រអូម៉ង់។
បើតាម CNN, ច្រកសមុទ្រ Hormuz គឺជាចំណុចសំខាន់ ដ៏មានឥទ្ធិពល សម្រាប់អ៊ីរ៉ង់ ក្នុងពេលចរចា យ៉ាងស្វីតស្វាញ។
ការបន្ទន់ឥរិយាបថនេះ បានកើតឡើង ក្រោយ១ថ្ងៃ ដែលទីបញ្ជាការយោធារបស់អ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងបិទច្រកពាណិជ្ជកម្មដឹកប្រេងដ៏សំខាន់ របស់ពិភពលោកមួយនេះ ជាការឆ្លើយតបទៅនឹងការបន្តវាយប្រហារ របស់អ៊ីស្រាអែល ទៅលើក្រុមហេសបូឡា នៅលីបង់ ហើយ ចោទថា សហរដ្ឋអាមេរិក “បរាជ័យក្នុងការអនុវត្ត” កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម។
ជាការឆ្លើយតប តាមរយៈសារព័ត៌មាន Fox News, លោក Trump បានគំរាមកំហែងថា នឹងកាន់កាប់ច្រកសមុទ្រមួយនេះ ដែលធ្វើឲ្យ
តម្លៃប្រេងបានកើនឡើងភ្លាមៗ ពោលគឺបន្ទាប់លេចចេញនូវពាក្យសម្តីធ្ងន់ៗ ពីសំណាក់មេដឹកនាំអាមេរិករូបនេះ។
កន្លងមក លោក Trump ធ្លាប់បានស្នើឱ្យសហរដ្ឋអាមេរិក គិតថ្លៃសេវា នៅច្រកសមុទ្រមួយនេះ ហើយ លោកថែមទាំងទទូចថា អ៊ីរ៉ង់ មិនត្រូវបានអនុញ្ញាត ឱ្យធ្វើដូច្នេះទេ។
យ៉ាងណា កាលពីសប្តាហ៍មុន លោក Trump បាននិយាយថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធានាថា ច្រកសមុទ្រមួយនេះគឺ មិនគិតថ្លៃជាអចិន្ត្រៃយ៍។
ក្រៅពីច្រកសមុទ្រ ហ័រមូស, ភាគីទាំងពីរក៏បង្កើតយន្តការ ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅប្រទេលលីបង់ផងដែរ ស្របពេលដែលអ៊ីរ៉ង ទាមទារ ឲ្យអ៊ីស្រាអែល ត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នា ជាមួយនឹងក្រុមហេសបូឡា នៅទីនោះ ដើម្បីឈានដល់ការបិទបញ្ចប់សង្គ្រាម ជាស្ថាពរ។
ក្នុងពេលចរចានៅទីក្រុងហ្សឺណែវ , ភាគីទាំងពីរ ថែមទាំងបង្កើនផែនទីរួមគ្នាមួយ ឈានឆ្ពោះទៅបញ្ចប់ជម្លោះ ក្នុងរយៈពេល ៦០ថ្ងៃ ដោយនឹងការបន្តជួបចរចា ជាច្រើនជុំបន្ថែមទៀត៕
ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត

