តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ ចន្ទ បានព្រមានប្រឆាំងនូវអ្វីដែលលោកហៅថា ការចែកចាយសារដែលមានចេតនាបំផុសបំផុលជំរុញឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ។

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ ចន្ទ បានព្រមានប្រឆាំងនូវអ្វីដែលលោកហៅថា ការចែកចាយសារដែលមានចេតនាបំផុសបំផុលជំរុញឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ។
ការព្រមាននេះ គឺជាសុន្ទរកថាដំបូងរបស់លោក Pezeshkian បន្ទាប់ពីអ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីស កាលពីសប្តាហ៍មុន ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ។
លោក Pezeshkian និយាយថា ទោះបីគណៈប្រតិភូចរចាអ៊ីរ៉ង់បានចូលរួមការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីសក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់មិនបានផ្តល់សម្បទានណាមួយឡើយដល់ទីក្រុងវ៉ាស៊ីនតោន ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា រាល់សារញុះញុងនាំឱ្យមានការបែកបាក់ផ្ទៃក្នុង និងភាពមិនចុះសម្រុងគ្នា នឹងបម្រើដល់ផលប្រយោជន៍សត្រូវ ដោយលោកចង់សំដៅលើការរិះគន់ក្នុងស្រុក ជុំវិញការចរចាជាមួយសហរដ្ឋអាមេរិក ។
លោក Pezeshkian ដែលមានវ័យ៧១ឆ្នាំរូបនេះ បានអះអាងថា អ៊ីរ៉ង់នឹងមិនចុះញមឡើយ ប្រសិនបើភាគីម្ខាងទៀតមិនអើពើនឹងសិទ្ធិរបស់ទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលចរចា ។
បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងនៅព្រឹកថ្ងៃ ចន្ទ ថា ការចរចាជាមួយសហរដ្ឋអាមេរិកនៅស្វីស ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា បានបង្កើត “វឌ្ឍនភាពគួរឱ្យកត់សម្គាល់” ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅលីបង់ និងបន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


