ថ្ងៃនេះ កាលពី៤៩ឆ្នាំមុន សមមិត្ត ហ៊ុន សែន ព្រមទាំងយុទ្ធមិត្តបួនរូបទៀត បានយកអាយុជីវិតជាដើមទុន ធ្វើដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏ក្លាហានមុះមុតឥតរួញរានេះហើយ ទើបអាចរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបយង់ឃ្នងខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ន។ កម្ពុជា ពីអតីតកាលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់ទៅហើយ។ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗប្រកាសយ៉ាងដាច់អហង្ការថា ត្រូវរក្សា «សន្តិភាព» ឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ៕

























