ភ្នំពេញ៖ ត្រីរាជទម្ងន់ជិត១០០គីឡូក្រាម ដែលជាត្រីទឹកសាបដ៏កម្រត្រូវបានមន្រ្តីនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមលែងចូលទៅទន្លេធម្មជាតិវិញ។

ភ្នំពេញ៖ ត្រីរាជទម្ងន់ជិត១០០គីឡូក្រាម ដែលជាត្រីទឹកសាបដ៏កម្រត្រូវបានមន្រ្តីនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមលែងចូលទៅទន្លេធម្មជាតិវិញ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានដោះលែងត្រីរាជមួយក្បាលចូលទៅក្នុងទន្លេមេគង្គវិញ។ជាត្រីញី មានប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០ ។មច្ឆាដ៏កម្រនេះ ចាប់បានដោយឧបករណ៍ម៉ាញ់នៅតាមដងទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអ្នកនេសាទ ។អ្នក
នេសាទបានរាយការណ៍ប្រាប់មន្រ្តីជំនាញបន្ទាប់ពីនេសាទបាន។
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលព័ត៌មានពីប្រជានេសាទថា នេសាទបានត្រីរាជមួយក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
សូមជម្រាបថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ ប្រភេទ គឺបបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅខាងក្រោម។
ត្រីរាជ ត្រូវបានកត់បញ្ចូលទៅក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕
ដោយ៖ម៉ាដេប៉ូ

