នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីយប់ថ្ងៃទី១០មីនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសថា កម្ពុជាបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ។
បើតាមព័ត៌មានដែលក្រសួងការបរទេសទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតផងដែរ សរុបចំនួន ៥៩៥ នាក់ កំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា។ ពួកគេបានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។
ជាថ្មីម្តងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះ អំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងករណីប្រជាពលរដ្ឋ ឬសិស្ស-និស្សិតកម្ពុជា ត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានសូមទាក់ទង មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម :
- ក្រសួងការបរទេស ៖ + 855 12 652 497 ឬ 087 999 988
- ស្ថានទូតកម្ពុជាប្រចាំតួកគីយ៉េ ៖ + 90 534 459 9689
- ស្ថានទូតកម្ពុជាប្រចាំគុយវ៉ែត ៖ + 965 960 58678
- ស្ថានទូតកម្ពុជាប្រចាំអេហ្ស៊ីប ៖ + 20 115 627 9999
សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេសកាលពីសប្តាហ៍មុន ក៏មានកិច្ចប្រជុំចង្អៀតដែលផ្តោតការពិភាក្សាលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងផលបច្ច័យ ជាពិសេសជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់អនាគត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម និងតួនាទីបុរេសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់៕