ភ្នំពេញ៖ កម្ពុជានឹងរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
តាមកម្មវិធីគ្រោងទុកទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃនេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ក្នុងគោលបំណងផ្សព្វផ្សាយ ពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ទិវាជាតិលើកទី៤នេះ មានកម្មវិធីសំខាន់ៗចំនួន ៦ ដូចជា(១) ពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,(២) វេទិកាជជែកពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,(៣) សកម្មភាពជំរុញនវានុវត្តន៍ ,(៤) កម្មវិធីប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្រ្ត ឆ្នាំ២០២៦,(៥) ពិធីប្រគល់ពានរង្វាន់ «អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម», (៦) ពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សាធារណៈ៕
ដោយ៖មុនី