អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ា គឺហួសពីការគ្រប់គ្រងហើយ និងបានព្រមានធ្ងន់ៗថា ការរងទុក្ខវេទនារបស់មនុស្សជាតិ រួមទាំងវិបត្តិសេដ្ឋកិច្ច នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើការប្រយុទ្ធគ្នាបន្តអូសបន្លាយពេលយូរ ។

អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ា គឺហួសពីការគ្រប់គ្រងហើយ និងបានព្រមានធ្ងន់ៗថា ការរងទុក្ខវេទនារបស់មនុស្សជាតិ រួមទាំងវិបត្តិសេដ្ឋកិច្ច នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើការប្រយុទ្ធគ្នាបន្តអូសបន្លាយពេលយូរ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅចំពោះមុខអ្នកយកព័ត៌មានកាលពីថ្ងៃ ពុធ បានប្រើពាក្យពេចន៍ខ្លាំងៗ ស្តីបន្ទោសភាគីជម្លោះនៅក្នុងសង្គ្រាមនេះថា ការប្រយុទ្ធគ្នាបានឈានហួសពីដែនកំណត់ដែលគ្មានមេដឹកនាំណាធ្លាប់គិតស្មានដល់សោះ ។
យ៉ាងណា លោកបានអំពាវនាវដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ខណៈទុក្ខវេទនារបស់មនុស្សជាតិកាន់តែធ្ងន់ធ្ងរទៅៗ ហើយការបាត់បង់ជីវិតជនស៊ីវិលកាន់តែមានចំនួនច្រើនឡើង ចំណែកផលប៉ះពាល់សេដ្ឋកិច្ចសកល ក៏កាន់តែអាក្រក់ខ្លាំងទៅៗផងដែរ ។
ទន្ទឹមគ្នា លោក Guterres មានវ័យ៧៦ឆ្នាំរូបនេះ ក៏ដាក់បន្ទុកខ្លាំងលើអ៊ីរ៉ង់ផងដែរ ដោយព្រមានទីក្រុងតេហេរ៉ង់ត្រូវបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងជាបន្ទាន់ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ។
អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាត និងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងរំខានដល់ទីផ្សារថាមពលសកល និងវិស័យអាកាសចរណ៍ពិភពលោក ៕



ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា
