រតនគិរី៖អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានបង្ហាញពីបំណងចង់ឃើញសហគ្រាសក្នុងស្រុកកាន់តែឡើងនៅក្នុងទឹកដីខេត្តរតនគិរី ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងខេត្តរតនគិរីដោយផ្ទាល់ឬប្រជាពលរដ្ឋមកពីខេត្តផ្សេង។

រតនគិរី៖អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានបង្ហាញពីបំណងចង់ឃើញសហគ្រាសក្នុងស្រុកកាន់តែឡើងនៅក្នុងទឹកដីខេត្តរតនគិរី ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងខេត្តរតនគិរីដោយផ្ទាល់ឬប្រជាពលរដ្ឋមកពីខេត្តផ្សេង។
កាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២៦ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមន្រ្តីជំនាញបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មសហគ្រាសផលិតក្តារបន្ទះ កៅសីង ប្លាយវូត(GUOXING PLYWOOD)។ សហគ្រាសនេះមានទីតាំងនៅស្រុកអូរជុំ ដោយយកដើមកៅស៊ូ និងដើមស្វាយចន្ទីដែលចាស់ៗហួសអាយុកាលផ្តល់ផលមកកែច្នៃជាក្តារបន្ទះដែលមានគុណភាពខ្ពស់។ ក្នុងមួយថ្ងៃសហគ្រាសកៅស៊ីង អាចផលិតបានមួយពាន់សន្លឹកផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ។
បើតាមតំណាងសហគ្រាសបានឱ្យដឹងថា ក្រៅពីផលិតកម្មក្តារបន្ទះ សហគ្រាសក៏បានទាញយកអត្ថប្រយោជន៍ពីទីតាំង និងធនធានដែលមានស្រាប់ផលិតបន្លែផ្សិតបន្ថែមទៀត។គឺបណ្តុះ “ផ្សិតអ័ស្ទ័រ និងផ្សិតភ្លៅមាន់” សម្រាប់ផ្គត់ផ្គង់ទីផ្សារផងដែរ។តាមរយៈសកម្មភាពរបស់សហគ្រាសបានបង្កើតការងារជូនប្រជាពលរដ្ឋជិត១០០នាក់។
ក្នុងឱកាសសំណេះសំណាលជាមួយតំណាងសហគ្រាស និងបុគ្គលិក កម្មករកំពុងបម្រើការនៅទីនោះ ឯកឧត្តមអភិបាលខេត្តរតនគិរីបានលើកទឹកចិត្តដល់ការកែច្នៃផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យអស់ពីលទ្ធភាព។លោកចង់ឃើញសហគ្រាសកាន់តែច្រើនផ្សេងទៀតបង្កើតឡើងក្នុងទឹកដីខេត្តភាគឦសានដែលមានសក្ដានុពល ។សម្រាប់សហគ្រាស កៅស៊ីង ប្លាយវូត ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមានអភិវឌ្ឍបន្ថែមទៀត ដើម្បីស្រូបយកពលកម្មក្នុងស្រុកឱ្យបានកាន់តែច្រើន និងកាត់បន្ថយចំណាកស្រុក។ទន្ទឹមនេះរដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីធានាឱ្យអាជីវកម្មដំណើរការដោយរលូន និងការបង្កើនខ្សែច្រវាក់ផលិតកម្ម ៕
ដោយ៖ឡុង សំបូរ







