ភ្នំពេញ៖រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទទី ៣០ ខែមីនាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ១១២ លើ ១១២សំឡេង។

ភ្នំពេញ៖រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទទី ៣០ ខែមីនាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ១១២ លើ ១១២សំឡេង។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានថ្លែងការពារច្បាប់នៅចំពោះមុខកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាថា ច្បាប់នេះដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ ដោយផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ និងអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
ប្រទេសកម្ពុជា បានដាក់ផែនការយ៉ាងជាក់លាក់ថា នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែ មេសា ឆ្នាំ ២០២៦នេះ។
ច្បាប់ថ្មីនេះមាន៥ជំពូក និង២៤មាត្រា ដោយផ្តោតលើបទល្មើសថ្មីចំនួន៥ រួមមាន បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសពាក់ព័ន្ធការរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសពាក់ព័ន្ធការជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទប្រល្មើសស្តីពីការប្រមូលឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃក្នុងចេតនាទុច្ចរិត និងបទល្មើសស្តីពីការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
យោងតាមសេចក្តីព្រាងច្បាប់នេះ ជនដែលមានកំហុសអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ដល់ជាប់ពន្ធនាគារអស់មួយជីវិត និងត្រូវផាកពិន័យជាប្រាក់ចាប់ពី ១២៥.០០០ ដល់ ៥០ម៉ឺនដុល្លារអាម៉េរិក។
តាមនីតិវិធីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាពិភាក្សា និងអនុម័តបន្តទៀតមុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាម៉េរិកនៅថ្ងៃចន្ទនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិក ក៏បានជួបជាមួយលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីការសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាម៉េរិក តាមរយៈស្ថានទូតរបស់ខ្លូន បានសម្តែងនូវអំណរគុណចំពោះការប្តេជ្ញាចិត្តដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសន្យាការពារពលរដ្ឋអាម៉េរិកាំងពី បណ្តាញក្រុមឧក្រិដ្ឋកម្មនេះ៕






ដោយ៖សេង បារាំង
