គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (ឬ អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីការបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១លាន ៥សែនដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច លើផលិតកម្មមាន់ខ្មែរ បន្លែសុវត្ថិភាព និង ស្រូវប្រណីត នៅតាមខេត្តគោលដៅចំនួន១៨នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១មេសា នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទានឥតសំណងក្នុងឆ្នាំ២០២៥ ជិត ១លានដុល្លារ ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន ៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។
ដោយឡែក ហិរញ្ញប្បទានក្នុងឆ្នាំ ២០២៦ នេះ នឹងធ្វើការគាំទ្រដល់កសិករខ្នាតតូចចំនួន ១ ៤០០ គ្រួសារបន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។
អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ គម្រោងនេះមានគោលដៅលើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាប់ផលិតផលកសិពាណិជ្ជកម្ម និងទីផ្សារ។
ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ ឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងថ្មីនេះនឹងជួយជំរុញការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាបន្នសម្រាប់កសិករខ្នាតតូច ជាពិសេសស្ត្រី និងកសិករក្រីក្រ ដែលនឹងទទួលបានបច្ចេកវិទ្យាដ៏ប្រសើរ អាចបង្កើនផលិតភាព និងពង្រឹងទំនាក់ទំនងជាមួយទីផ្សារដែលអាចទុកចិត្តបាន។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ គម្រោង អេមស៍ បានបញ្ចេញហិរញ្ញប្បទានឥតសំណង ច្រកទី១ សរុបជាង ៦លាន ២សែនដុល្លារអាម៉េរិក ដែលគាំទ្រដល់សិករខ្នាតតូចសរុបចំនួន ៥ ២៧១ គ្រួសារ នៅទូទាំងប្រទេស ចាប់តាំងពីគម្រោងបានចាប់ផ្តើមដំណើរការមក៕
ដោយ៖ម៉ាដេប៉ូ