ក្នុងជំនួបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជម្រាបជូនលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា–ថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការបិទព្រំដែនជាឯកតោភាគី ដោយគ្មានផ្តល់ដំណឹងជាមុន ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៥ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។
ក្នុងឱកាសនោះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាង លម្អិតនិងច្បាស់លាស់ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង គ.ស.ម.ក. និងOHCHR លើវិស័យសិទ្ធិមនុស្ស នាពេលកន្លងមក។ លោកជំទាវក៏បានជូនជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការតែងតាំងលោក Thomas Andrews ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ជំនួស លោក Vitit Muntarbhom ដែលបានលាឈប់។ ទន្ទឹមនេះ លោកជំទាវ បានសាទរចំពោះគម្រោងរបស់គ.ស.ម.ក. ក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្តាលអាណត្តិ និងការលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះ ផងដែរ។ លោកជំទាវ ក៏បានស្នើសុំការគាំទ្រពីគ.ស.ម.ក. ក្នុងការបន្តអនុស្សរណៈយោគយល់គ្នារវាង ប្រទេសកម្ពុជា និង OHCHR ដែលនឹងត្រូវចប់នាចុងឆ្នាំ២០២៦ នេះ។
ជាការឆ្លើយតប ឯកឧត្តម កែវ សុទ្ធិ បានថ្លែងអំណរគុណចំពោះ OHCHR ដែលតែងតែផ្តល់នូវកិច្ច សហការយ៉ាងល្អជាមួយគ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ព្រមទាំង បានបញ្ជាក់ពីការគាំទ្រចំពោះការបន្តអាណត្តិរបស់ OHCHR ប្រចាំនៅកម្ពុជា បន្តទៅទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាក់ ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ