អនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មូសទាំងពេលថ្ងៃ និងពេលយប់ នៅក្នុងខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៍នានា។
ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារ និងមន្ត្រីសុខាភិបាល ដែលបានចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរចំពោះសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ជាពិសេសកន្លែងមានទឹកដក់ថ្លា ដែលជាជម្រកមូសខ្លាពង ដូចជា ទឹកដក់នៅក្នុងសំបកកង់ឡាន ម៉ូតូ សំបកកំប៉ុង ដប និងវត្ថុផ្សេងៗដែលអាចរក្សាទឹកភ្លៀងបាន។
លោកបានបញ្ជាក់បន្ថែមថា មូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ខណៈដែលមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺនេះទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ ឬទឹកលូឡើយ ប៉ុន្តែវាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិន ដូចជា ទឹកក្នុងថូផ្កា ទឹកក្នុងជើងទូរទឹកចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។
ដូច្នេះ ប្រជាពលរដ្ឋគួរតែរួមគ្នាសម្អាតបរិស្ថាន និងលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម៕