ភ្នំពេញ៖ ដើម្បីថែរក្សាស្នាដៃដូនតា អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួយជ្រោមជ្រែងដល់អ្នកជំនាញ ផ្នែកសិល្បៈខ្មុក ម្រ័ក្សណ៍ ឱ្យទៅបង្រៀនជំនាញនេះដល់ពលរដ្ឋ និងយុវជនខ្មែរជាច្រើន នាក់ នៅក្នុងភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈគម្រោងបណ្តុះបណ្តាល វិជា្ជជីវៈកេរដំណែលដូនតា ដល់អ្នកមានចិត្តស្រឡាញ់វិស័យនេះ បាន រៀនសូត្រ និងទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។
អាន៖លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូ បង្គោលក្នុងគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈកេរដំណែលដូនតាអស់រយៈ ពេល១១ខែមកហើយ។ គ្រូបង្គោលរូបនេះបានឱ្យដឹងថា ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុក ម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្តដើម្បីឱ្យចំណេះដឹងនេះមានភាព ទូលំ ទូលាយ និងកុំឱ្យបាត់បង់។ ចំពោះមុខខ្មុក ចាស់បុរាណធ្វើឡើង សម្រាប់ពាក់សម្តែងល្ខោនខោល មានតួអង្គផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍។
ដោយឡែកក្នុងការបង្រៀននេះ លោក តារារ័ត្ន បញ្ជាក់ថា គឺរៀន ផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើន ប្រភេទទៀត ដើម្បីឱ្យសិស្សអាចមានលទ្ធភាពបង្កើតអាជីវកម្ម ពេលរៀន ចប់។
លោក យុន តារារ័ត្ន បានចំណាយពេល២ថ្ងៃរៀងរាល់ចុងសប្ដាហ៍ ធ្វើដំណើរចេញពីក្រុងសៀមរាបឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីបង្រៀនយុវជន និងពលរដ្ឋ នៅទីនោះ។ បើទោះបីជាពេលវេលាខ្លី តែលោក បានព្យាយាមបង្ហាត់ បង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយធ្វើឡើងក្នុងទម្រង់ ក្បួនខ្នាតនៃសិល្បៈខ្មែរ ហើយឃើញថាការខិតខំរបស់សិស្សងាយចាប់ បាន និងអាចធ្វើបានតាមអ្វីដែលគ្រូបានដាក់ឱ្យធ្វើ។
វគ្គបណ្តុះបណ្តាលនេះមានពលរដ្ឋ និងយុវជនចំនួន១៥នាក់ ដែលសុទ្ធ សឹងជាអ្នកស្រឡាញ់ និងជ្រើសរើស រៀនជំនាញខ្មុកម្រ័ក្សណ៍។ អ្នកស្រី ប៊ុន ចាន់ធី អាយុ៤៥ឆ្នាំ ជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនទៀត ដែលមាននិស្ស័យនឹងសិល្បៈខ្មុកម្រ័ក្សណ៍ ដែលធ្វើឱ្យការរៀន ឆាប់យល់ និងចេះចាំនូវក្បួនធ្វើតាមដំណាក់កាលនីមួយៗ។
អ្នកស្រី ប្រាប់ថា ជំនាញធ្វើខ្មុកម្រ័ក្សណ៍នេះមានការលំបាក ដោយ ត្រូវការភាពអត់ធ្មត់ជាច្រើន។ សព្វថ្ងៃ អ្នកស្រីអាចចេះផលិតខ្មុករូបសត្វ ដន្លាប់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត។ អ្នកស្រី សង្ឃឹមថា ក្រៅពីជួយអ្នកស្រីឱ្យយកទៅធ្វើជាមុខរបររកកម្រៃជួយដល់ជីវភាព គ្រួសារប្រចាំថ្ងៃទៅថ្ងៃអនាគត គឺជាការផ្តល់ឱកាសឱ្យអ្នកភូមិធម្មជាតិរុន តាឯកបានចូលរួមថែរក្សាមរតកវប្បធម៌ដូនតាខ្មែរ។
ចំណែកកញ្ញា សិទ្ធ សុណាន់ ដែលជានិស្សិតរៀននៅសកលវិទ្យាល័យផង បានឆ្លៀតពេលទំនេរចុងសប្ដាហ៍មករៀនសិល្បៈធ្វើខ្មុកផង។ កញ្ញាប្រាប់ ថា ជំនាញនេះពិតជាមានសារសំខាន់ក្នុងការជួយថែរក្សាមរតក វប្បធម៌ របស់ដូនតាខ្មែរ។ នាងនិយាយថា កាលពីមុននាងមិនដែលស្គាល់អ្វីទៅជា សិល្បៈខ្មុកម្រ័ក្សណ៍ និងជាក្បាច់រចនារបស់ខ្មែរទេ។ ប៉ុន្តែបន្ទាប់ពីចូល រៀនជំនាញនេះ មិនត្រឹមតែធ្វើឱ្យនាងស្គាល់មរតកវប្បធម៌ដ៏មាន តម្លៃ របស់ដូនតាខ្មែរប៉ុណ្ណោះទេ គឺថែមទាំងចេះធ្វើវាទៀត និងមានមោទនភាព យ៉ាងខ្លាំងចំពោះចំណេះជំនាញនេះផងដែរ៕
ដោយ៖ម៉ា ដេប៉ូ