ភ្នំពេញ៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតជាតិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC National Convention 2026) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ។ ក្នុងមហាសន្និបាតនោះ លោក ណម វិស្សុត បានចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនៃវិស័យធុរកិច្ចកម្ពុជា ដោយផ្តល់អនុសាសន៍ឱ្យសហគ្រិនផ្លាស់ប្តូរឥរិយាបថពី «អ្នកតស៊ូត្រឹមតែដើម្បីរស់ (Survivor)» ដែលផ្តោតតែលើប្រតិបត្តិការប្រចាំថ្ងៃទៅជា «អ្នកស្ថាបនា (Architects) » ដែលជាអ្នករៀបចំគម្រោង និងមានឥទ្ធិពលយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។
ក្នុងបទបង្ហាញក្រោមប្រធានបទ ” ការកសាងអាជីវកម្មក្នុងស្ថានភាពលំបាក៖ របៀបដែលសហគ្រិនអាចរៀបចំប្រព័ន្ធសេដ្ឋកិច្ច ” ។ លោក ណម វិស្សុត បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ។ លោកបានណែនាំនូវគោលការណ៍ “ការគិតជាពីរបែប (Dual Thinking)” ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការផ្តោតលើប្រាក់ចំណេញផង ការយល់ដឹងពីប្រព័ន្ធច្បាប់ និងសេដ្ឋកិច្ចក្នុងតំបន់ផង។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យអាជីវកម្មកម្ពុជា រីកចម្រើន ប្រកបដោយចីរភាពសហគ្រិនត្រូវផ្តោតសំខាន់លើជំនាញឯកទេសច្បាស់លាស់ ជាមួយនឹងនិរន្តរភាពរយៈពេលវែង ជាជាងការពង្រីកខ្លួនឱ្យធំក្នុងរយៈពេលខ្លី ប៉ុន្តែខ្វះមូលដ្ឋានគ្រឹះរឹងមាំ។
មហាសន្និបាតនេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់ការចុះហត្ថលេខា ជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) រវាង AirAsia Cambodia និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ។ តាមរយៈភាពជាដៃគូនេះ នឹងបើកផ្លូវឱ្យសហគ្រិនក្នុងស្រុកទទួលបានបណ្តាញទំនាក់ទំនង និងធនធានក្នុងតំបន់ឱ្យកាន់តែសម្បូរបែប ដែលផ្តោតសំខាន់លើការជួយ ជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានលទ្ធភាពពេញលេញ ក្នុងការប្រកួតប្រជែង លើទីផ្សារអាស៊ាន។





























