វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារលើ Truth Social ថា លោកបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយលោក Netanyahu បានយល់ព្រមជាមួយលោកថា នឹងមិនបញ្ជូនកងទ័ព ឬផ្អាកការវាយប្រហារធំៗលើរដ្ឋធានីបេរូត របស់ប្រទេសលីបង់ ។
ការដាក់សម្ពាធរបស់លោក Trump លើលោក Netanyahu ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានគំរាមផ្អាកការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ដើម្បីជាការតវ៉ាប្រឆាំងនឹងការដែលអ៊ីស្រាអែលបង្កើនការវាយប្រហារកាន់តែខ្លាំងនៅលីបង់ ។
នៅក្នុងសំណេរបង្ហោះកាលពីថ្ងៃ ចន្ទ នោះ លោក Trump បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលដែលកំពុងធ្វើដំណើរទៅកាន់រដ្ឋធានីបេរូត ត្រូវបានបញ្ជាឱ្យបង្វែរត្រឡប់ក្រោយវិញ ។
ក្រៅពីជជែកជាមួយអ៊ីស្រាអែល លោក Trump ក៏បានអះអាងថា រូបលោកបានពិភាក្សាជាមួយតំណាងក្រុមហេសបូឡា ដែលបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកផងដែរ ។
បន្ទាប់ពីការបង្ហោះរបស់លោក Trump មិនយូរប៉ុន្មាន ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយថា លោកបានប្រាប់លោក Trump វិញថា អ៊ីស្រាអែលនឹងបន្តវាយប្រហារគោលដៅភេរវកម្មក្នុងរដ្ឋធានីបេរូតដដែល ប្រសិនបើក្រុមហេហ្សបូឡាមិនបញ្ឈប់ការបាញ់រ៉ុក្កែតចូលមកកាន់ទីក្រុង និងលំនៅដ្ឋានរបស់ប្រជាជនអ៊ីស្រាអែលទេនោះ ។
បើតាម CNA, គូជម្លោះចាស់ទាំងពីរ គឺអ៊ីស្រាអែល-ហេសបូឡា បានផ្ទុះសង្គ្រាមដាក់គ្នាជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភព ៖ AFP និង CNA ប្រែសម្រួល ៖ ឈឹម ទីណា