តេហេរ៉ង់ ៖ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសប្រាប់ពិភពលោកថា កិច្ចព្រមព្រៀងដ៏ថ្មីមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រកាសឆាប់ៗនេះ នឹងក្លាយជាការបិទបញ្ចប់សង្គ្រាមរបស់ប្រទេសទាំងពីរភ្លាមៗ ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃ ចន្ទ នេះថា ការបញ្ចប់ជាអចិន្ត្រៃយ៍ និងភ្លាមៗចំពោះភ្លើងសង្គ្រាម ដែលឆេះរោលរាលពាសពេញតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ រួមទាំងនៅប្រទេសលីបង់ផងដែរ ។
បើតាម CNA, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃ សុក្រ សប្តាហ៍នេះ ។
ទាំងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ពួកគេបានព្រមព្រៀងលើក្របខណ្ឌមួយ ដើម្បីបញ្ចប់សង្រ្គាម បញ្ឈប់ការបិទផ្លូវរបស់អាមេរិកលើអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាកិច្ចព្រមព្រៀងបឋម ដែលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែទុកឱ្យជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការចរចាបន្ថែមទៀត ។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបានចាប់កក្រើកឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។




























