បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ប្រាក់ សុខុន ៖ យន្តការ UNCLOS គឺជាជម្រើសសម្រាប់សន្តិភាពរវាង​កម្ពុជា-ថៃ ​

ឯកឧត្តម ប្រាក់ សុខុន ៖ យន្តការ UNCLOS គឺជាជម្រើសសម្រាប់សន្តិភាពរវាង​កម្ពុជា-ថៃ ​

ក្នុងអត្ថបទទស្សនៈមួយដែលចុះផ្សាយនៅក្នុងសារព័ត៌មាន​ហុងកុង Asia Times កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺដោយសាតែភាគីថៃបានបោះបង់យន្តការទ្វេភាគី តាមរយៈការដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១។
 
ឯកឧត្តមបានស្វាគមន៍ការសម្រេចចិត្តរបស់ភាគីថៃក្នុងការចូលរួមក្នុងយន្តការសម្រុះសម្រួលនេះ ដោយចាត់ទុកថា ជាសញ្ញាវិជ្ជមានសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា ជម្លោះរវាងកម្ពុជា និងថៃ មិនមែនជាបញ្ហាទ្វេភាគីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការសាកល្បងសម្រាប់សហគមន៍អន្តរជាតិ ក្នុងការបង្ហាញថា ច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនៅតែអាចដើរតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។
 
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលឹកពីករណីជោគជ័យរវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលបានប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រដ៏ស្មុគស្មាញ​ កាលពីជិត១០ឆ្នាំមុន។ ករណីនេះបានបង្ហាញថា ទោះបីប្រទេសទាងពីរមានទំហំ សមត្ថភាព និងឥទ្ធិពលខុសគ្នាខ្លាំងក៏ដោយ ក៏ពួកគេ​អាចឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយបាន តាមរយៈការគោរពច្បាប់អន្តរជាតិ និងការចរចាដោយសុចរិតភាព។
 
ឯកឧត្តមបានបន្ថែមថា ការសម្រុះសម្រួលក្រោមអនុសញ្ញា UNCLOS ទាមទារឱ្យភាគីទាំងពីរបង្ហាញសុឆន្ទៈ​ ការតាំងចិត្តចូលរួមឥតងាករេ និងការចង់ស្វែងរកដំណោះស្រាយជាក់លាក់។ ជម្លោះនេះមិនមែនគ្រាន់តែជាបញ្ហាបន្ទាត់ព្រំដែននៅលើផែនទីនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងធនធានថាមពលដ៏មានសក្តានុពល ដែលអាចរួមចំណែកដល់សន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។
 
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសកម្ពុជាក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោក ដោយសង្កត់ធ្ងន់ថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិ មិនអាចផ្លាស់ប្តូរដោយការប្រើកម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីបានឡើយ។
 
ឯកឧត្តម ប្រាក់ សុខុន បានអះអាងថា កម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការចរចា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ដើម្បីដោះស្រាយបញ្ហាទាំងឡាយដោយសន្តិវិធី ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។ កម្ពុជាចាត់ទុកថា ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង គឺជាមូលដ្ឋានសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
តាមរយៈអត្ថបទមតិនេះ កម្ពុជាបានបង្ហាញជំហរច្បាស់លាស់ក្នុងការជ្រើសរើសផ្លូវច្បាប់ និងសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នា ដោយជឿជាក់ថា យន្តការអន្តរជាតិអាចជួយបំបែកភាពជាប់គាំង និងនាំទៅរកដំណោះស្រាយដែលមានយុត្តិធម៌ និងទទួលយកបានសម្រាប់ភាគីពីរ៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា