គិតរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានគាំទ្រ និងសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ ដោយមានសមាជិកសរុបចំនួនជាង ៧ម៉ឺន ៣ពាន់គ្រួសារ ព្រមទាំងបានចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំជាង ៣៣ម៉ឺនហិកតា។
ក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួនជាង ២ម៉ឺនគ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ក្នុងខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។



































